រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍ និងហួសចិត្តជាពន់ពេក ដោយបានឃើញភោជនីយដ្ឋាន «ច្រឡំគូ» បានធ្វើការប្រូម៉ូតរកភ្ញៀវតាមហ្វេសប៊ុកផេកហាង តែអ្វីដែលចាប់អារម្មណ៍នោះ គេឃើញដាក់សុទ្ធតែរូបស្រីក្មេងស្អាតៗស្លៀកពាក់ខើចលើខ្លីក្រោម បញ្ចេញគល់ភ្លៅ បង្ហាញគល់ដោះមិនសមភ្នែក រហូតធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមសង្ស័យ និងចោទសួរថា ភោជនីយដ្ឋាន «ច្រឡំគូ» នេះ លក់ម្ហូប ឬលក់មនុស្ស…។

សូមបញ្ជាក់ថា នៅក្នុងផេកផ្លូវការរបស់ភោជនីយដ្ឋាន «ច្រឡំគូ» បានធ្វើការប្រូម៉ូតហាងរបស់ខ្លួន ដោយបង្ហោះរូបនារីវ័យក្មេងស្អាតៗ ដោយភ្ជាប់ជាមួយសំណេរមានខ្លឹមសារថា « សួស្តីអតិថិជនសំណព្វចិត្តរបស់ច្រឡំគូ។ ប្រូម៉ូហ្សិនសម្រាប់ខែថ្មី ចាប់ផ្តើមពីថ្ងៃច័ន្ទ ទី07 កញ្ញា 2020 នេះគឺពិតជាងាយៗមែនទែន ចាស៎។ 1/ គ្រាន់តែលោកអ្នក Like Page និង Follow Page 2/ បន្ទាប់មកក៏ជួយ share post នេះ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃបាន10% »។

ក្រោយពីភោជនីយដ្ឋាន «ច្រឡំគូ» ធ្វើការប្រូម៉ូតហាង ដោយសារបង្ហោះរូបសុទ្ធតែនារីក្មេងស្អាតៗស្លៀកពាក់ស៊ិចស៊ីបែបនេះ មានអ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ មានការសង្ស័យជាខ្លាំង ព្រមទាំងសរសេរសារបែបរិះគន់ថា « លក់ម្ហូប ឬជួញដូរមនុស្ស? ក្រសួងមហាផ្ទៃ អញ្ជើញឆ្លៀតទៅភ្លក្សសាកមើលផង! បើនារីក្មេងៗដែលយល់ព្រមឱ្យគេថតផ្សាយមុខនោះជាកូនស្រី ជាក្មួយស្រី ជាចៅស្រីរបស់អ្នក តើអ្នកនៅនាំគ្នាខំមិនត៍លេបខាយសើចសប្បាយរួចទេ? នេះជាសង្គមយើងទាំងអស់គ្នា។ ពួកយើងមិនត្រូវការវិនិយោគិន ចូលមករកស៊ីជួញដូរមនុស្ស រំលោភបំពានផ្លូវភេទលើស្ត្រីខ្មែរទេ។ នេះជាបទល្មើសច្បាស់ក្រឡែត!»។

ជុំវិញករណីនេះ «KBN» មិនហ៊ានសន្និដ្ឋានបែបណាទេ គ្រាន់តែយកព័ត៌មានមកចុះផ្សាយប៉ុណ្ណោះ តែយ៉ាងណា យើងរង់ចាំការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស៊៕