ធនាគារពិភពលោក បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសចិន ត្រូវបានរំពឹងថានឹងកើនឡើង ២.០ ភាគរយនៅក្នុងឆ្នាំ ២០២០ ដែលកើនឡើងពីការព្យាករណ៍ ១ ភាគរយ ដែលត្រូវបានចេញផ្សាយ កាលពីខែមិថុនា។

ធនាគារនេះបាននិយាយនៅក្នុងរបាយការណ៍ បច្ចុប្បន្នភាពសេដ្ឋកិច្ចនៅខែតុលា ឆ្នាំ ២០២០ សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ថា កំណើនសេដ្ឋកិច្ចនេះ នឹងត្រូវបានជម្រុញដោយការចំណាយរបស់រដ្ឋាភិបាល ការនាំចេញដ៏រឹងមាំ និងអត្រាឆ្លងមេរោគទាប ចាប់តាំងពីខែមីនាមក ។ តំបន់ទាំងមូលត្រូវបានគេរំពឹងថា នឹងកើនឡើងត្រឹមតែ ០.៩ ភាគរយនៅឆ្នាំ ២០២០ ដែលជាអត្រាទាបបំផុត ចាប់តាំងពីឆ្នាំ ១៩៦៧ មក ។

នៅក្នុងទស្សនវិស័យសេដ្ឋកិច្ចសកលពាក់កណ្តាលឆ្នាំដែលបានចេញផ្សាយនៅដើមខែមិថុនា ធនាគារពិភពលោកបានព្យាករថា តំបន់អាស៊ីបូព៌ា និងតំបន់ប៉ាស៊ីហ្វិក នឹងកើនឡើង ០.៥ ភាគរយ នៅឆ្នាំ ២០២០ ។ ធនាគារពិភពលោកបាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំតំបន់ថា ទស្សនវិស័យសម្រាប់តំបន់នេះ មានភាពប្រសើរឡើងនៅឆ្នាំ ២០២១ ជាមួយនឹងកំណើនដែលរំពឹងថានឹងកើនឡើងដល់ ៧.៩ ភាគរយនៅក្នុងប្រទេសចិន និង ៥.១ ភាគរយនៅក្នុងតំបន់ផ្សេងទៀត ដោយផ្អែកលើការស្តារឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច។

ទោះយ៉ាងណាស្ថាប័នផ្តល់ប្រាក់កម្ចីនេះ បានចង្អុលបង្ហាញថា ទិន្នផលត្រូវបានគេរំពឹងថានឹងនៅទាបជាងការព្យាករណ៍មុនពេលជំងឺរាតត្បាតក្នុងរយៈពេលពីរឆ្នាំខាងមុខ។ វាបានកត់សម្គាល់ថា ទស្សនវិស័យពិតគួរឱ្យព្រួយបារម្ភ ជាពិសេសសម្រាប់បណ្តាប្រទេស នៅតំបន់ប៉ាស៊ីហ្វិក ដែលមានប្រហែល ១០ ភាគរយក្រោមកម្រិតមុនពេលមានវិបត្ដិរហូតដល់ ឆ្នាំ២០២១ ។