ខេត្តកំពង់ចាម៖ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីម្តាយជនរងគ្រោះ កម្លាំងនគរបាលស្រុកព្រៃឈរ ចាប់ឃាត់ខ្លួនបុរសជាឪពុកតិរច្ឆានចាប់រំលោភកូនស្រីបង្កើតអាយុ១៣ឆ្នាំរហូតបានសម្រេច។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នៅចំណុចព្រៃចម្ការដំឡូង ស្ថិតក្នុងភូមិថ្មពូនកណ្ដាល ឃុំថ្មពូន ស្រុកព្រៃឈរ ។ ជនសង្ស័យឈ្មោះសៀង ហុង អាយុ៣៥ឆ្នាំ ។ ចំណែកកុមារីរងគ្រោះ អាយុ១៣ឆ្នាំ ។

ស្រ្តីជាប្រពន្ធជនសង្ស័យ និងជាម្តាយកុមារីរងគ្រោះ បានឱ្យដឹងថា កាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ប្ដីរបស់គាត់ផឹកស្រាស្រវឹង បាននាំកូនស្រីរបស់ខ្លួនបង្កើត អាយុ១៣ឆ្នាំ ទៅកាប់ឫស្សីនៅព្រៃចម្ការដំឡូង មានចម្ងាយប្រហែល៣៥០ម៉ែត្រពីភូមិ ហើយក៏ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈនាងរហូតបានសម្រេច១លើក។

ក្រោយពេលកើតហេតុ កូនស្រីរបស់គាត់បានទម្លាយការពិតប្រាប់ គាត់ក៏បានពាក្យបណ្ដឹងភ្លាម ហើយកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មពូន បាននាំខ្លួនជនសង្ស័យមកអធិការដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕