ខេត្តសៀមរាប៖ នារីខ្មែរម្នាក់ បានបង្កាត់ភ្លើងស្នេហ៍ជាមួយបុរសជនជាតិប៉ាគីស្ថានយ៉ាងល្អែមល្ហែមដូចស្រមោចនិងស្ករ បានតែគ្រាដំបូងមួយប្រាវ លុះក្រោយមក ចំណងស្នេហ៍បានប្រែក្លាយជាល្វីងជួរចាត់ ដោយបុរសជាសង្សារចេះប្រើប្រាស់គ្រឿងញៀន ហើយចូលចិត្តយកញញូរវាយធ្វើបាបស្រីស្នេហ៍ឥតស្វាង រហូតនាងទ្រាំលែងបាន ក៏រត់រកសមត្ថកិច្ចជួយអន្តរាគមន៍។

ជនសង្ស័យឈ្មោះ FAISAl ហៅ RALO CHAN ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិប៉ាគីស្ថាន ស្នាក់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ជននេះ ប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់សារធាតុញៀន។

លោកណុប សារ៉ាក់ អធិការនគរ បាលក្រុងសៀមរាប បានឲ្យដឹងថា កាលពីថ្ងៃទី០៧ ខែកញ្ញាឆ្នាំ២០២០ ម៉ោង១២,០០នាទី នៅចំណុចក្នុងបន្ទប់លេខG6 អាផាតមិន Phat Nata ស្ថិតនៅក្នុងភូមិតាវៀន សង្កាត់សាលាកំរើកក្រុងសៀមរាប ខេត្តសៀមរាប ជនសង្ស័យ បានប្រើហិង្សាលើនារីរងគ្រោះជាស្រីស្នេហ៍ ដោយយក0ញញួរវាយទៅលើក្បាលជង្គង់ទាំងសងខាង ចំនួន១០ដង បណ្តាលឲ្យជាំឈាម និងទះកំភ្លៀងច្រើនដៃទៀតផង។

ប្រភពបន្តថា ក្រោយកើតហេតុ នារីរងគ្រោះបានធ្វើដំណើរមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងក្រោយពេលបានទទួលប ណ្តឹងរួច រហូតដល់ម៉ោង១៣ និង២០នាទីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ សមត្ថកិច្ចបានស្រាវជ្រាវ ឈានដល់ការចាប់ខ្លួនជនសង្ស័យ នៅក្នុងបន្ទប់លេខ៣១៧ នៃស្មាតអង្គរប៊ូទិក ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប នាំមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា រូបគេពិតជាបានប្រើហិង្សាទៅលើនារីរងគ្រោះជាសង្សារ និងបានប្រើប្រាស់ថ្នាំញៀនមែន។ ជនសង្ស័យត្រូវសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕