ភ្នំពេញ៖ បុគ្គលិកសន្ដិសុខជំនាញ M.S.P.S ម្នាក់ ដែលលោកប្រធានក្រុមហ៊ុនសន្ដិសុខជំនាញ M.S.P.S ចាត់ឱ្យមកស្ថានីយវិទ្យុ និងទូរទស្សន៍ប៉ុស្តិ៍លេខ៣រាជធានីភ្នំពេញ ដូចឱ្យមកលួចយកម៉ូតូមួយគ្រឿងរបស់បុគ្គលិកស្ថានីយវិទ្យុនិងទូរទស្សន៍ប៉ុស្តិ៍លេខ៣រាជធានីភ្នំពេញ ទៅបាត់អស់រយៈពេលជាងមួយខែកន្លងមកហើយ នៅតែខាងក្រុមហ៊ុនមិនមានការដោះស្រាយទៀត។

ជនរងគ្រោះជាម្ចាស់ម៉ូតូ ឈ្មោះ រឿន សុវណ្ណារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកវិទ្យុរាជធានីភ្នំពេញ FM 103 Mhz មានលំនៅបច្ចុប្បន្នផ្ទះជួល ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ជនសង្ស័យ មានឈ្មោះ យឹម ពិសិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាបុគ្គលិករបស់ក្រុមហ៊ុនសេវាកម្មសន្តិសុខជំនាញ អឹម ស្រ្តង ( M Strong Profession Security Service Co.,ltd) ហៅកាត់ M.S.P.S មានលំនៅក្នុងភូមិអន្លង់ឈើខ្លាង ឃុំព្រែកអំបិល ស្រុកស្អាងខេត្តកណ្តាល ត្រូវបានក្រុមហ៊ុនទូរទស្សន៍ប៉ុស្តិ៍លេខ៣ ជួលឱ្យមកយាមនៅក្នុងទីតាំងក្រុមហ៊ុន។

តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានរៀបរាប់ថា កាលពីវេលាម៉ោង១២៖៣០នាទីរសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ កន្លងទៅ គាត់បានជិះម៉ូតូ ម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HV-7119 លេខតួ 5576596 ទៅចត ទុកនៅក្នុងបរិវេណ ស្ថានីយវិទ្យុ និងទូរទស្សន៍រាជធានីភ្នំពេញ ប៉ុស្តិ៍លេខ៣ នៅផ្ទះលេខ 2AB ផ្លូវ៣១៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។

បន្ទាប់មក គាត់បានដើរចូលទៅក្នុងការិយាល័យធ្វើការជាធម្មតា។ លុះមកដល់ម៉ោង១រសៀល (ថ្ងៃដដែល) ជនរងគ្រោះ បានដើរទៅហូបបាយនៅខាងក្រៅស្ថានីយ រហូតដល់វេលាម៉ោងប្រហែល ១ និង៥០នាទី រសៀល ទើបគាត់ត្រឡប់ចូលមកធ្វើការវិញ មិនឃើញម៉ូតូរបស់ខ្លួន ក៏បានដើររក ស្រាប់តែបាត់ទាំងសន្តិសុខ ដែលជាជនសង្ស័យ ឈ្មោះ យឹម ពិសិទ្ធ នេះថែមទៀត។

ពាក្យបណ្តឹងរបស់ជនរងគ្រោះ បានរៀបរាប់បន្តថា បន្ទាប់មក គាត់បានសុំឲ្យបុគ្គលិកឆែកកាមេរ៉ាសុវត្ថិភាព របស់ផ្សារសម័យស្វែរ ដែលស្ថិតនៅខាងមុខស្ថានីយវិទ្យុ និងទូរទស្សន៍រាជធានីភ្នំពេញ ប៉ុស្តិ៍លេខ៣ ក៏បានឃើញឈ្មោះ យឹម ពិសិទ្ធ (សន្តិសុខយាម) លួចម៉ូតូរបស់គាត់ ជិះចេញពីស្ថានីយ៍ នៅវេលា ម៉ោង១ និង៣០នាទីរសៀល ហើយគេចខ្លួនបាត់រហូតតែម្តង។

ក្រោយកើតហេតុ ភាគីខាងក្រុមហ៊ុនសន្តិសុខ M.S.P.S បានធ្វើការសម្របសម្រួលជាមួយភាគីម្ចាស់ម៉ូតូ តែរយៈពេលជាងមួយខែកន្លងមកហើយ នៅតែខាងក្រុមហ៊ុនមិនមានការដោះស្រាយទៀត៕