ខេត្តព្រះសីហនុ ៖ យុវជនឈាមរាវចិត្តស្លុយម្នាក់ បានយកកាំបិតចាក់ប្រហារមិត្តរួមការងារគ្មានញញើតដៃ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ករណីឃាតកម្មនេះ បានកើតឡើង កាលពីវេលាម៉ោង២៣ និង១០នាទីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅខាងក្រោយសណ្ឋាគារខ្សាច់ស ក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។

ជនសង្ស័យឈ្មោះ ហ៊ាប រតនា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសន្តិសុខកាស៊ីណូប្លាទីនអន្តរជាតិ បានយកកាំបិតចុងស្រួចចាក់ទៅលើ ឈ្មោះ អេល ហាម៉ាត់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ-អ៊ិស្លាម មុខរបរដូចគ្នា ត្រូវចំគល់ដោះខាងឆ្វេង បណ្តាលឲ្យរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្ត ។

សមត្ថកិច្ច បញ្ជាក់ថា ករណីឃាតកម្មនេះ ដោយសារជនសង្ស័យ និងជនរងគ្រោះមានទំនាស់គ្នាពេលប្រចាំការនិងធ្វើអនាម័យនៅកន្លែងយាម ។ ជនសង្ស័យត្រូវបានកម្លាំងជំនាញឃាត់ខ្លួន រួមនឹងវត្ថុតាងកាំបិតចុងស្រួច១ដើម មកចាត់ការតាមផ្លូវច្បាប់ ។ ចំណែក សពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕