ខេត្តព្រះសីហនុ៖ ជនជាតិចិនប្រុសស្រី ចំនួន៣៨១នាក់ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួន ក្នុងភោជនីយដ្ឋានស៊ីនខាយមែន ដោយដកហូតវត្ថុតាងពាក់ព័ន្ធនឹងបទល្មើសមួយចំនួននាំមកចាត់ការតាមផ្លូវច្បាប់។

ប្រតិបត្តិការនេះ ធ្វើឡើង នៅម៉ោង១២និង៤៥នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅក្រុម១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្ត ព្រះសីហនុ ។

សមត្ថកិច្ច បានឲ្យដឹងថា ភោជនីយដ្ឋាន ស៊ីនខាយមែន ជា កម្មសិទ្ធិរបស់ឈ្មោះ BAO FANGZE ជនជាតិចិន ។ ប្រតិបត្តិការនោះ សមត្ថកិច្ចបានឆែកឆេរ និងចាប់ឃាត់ខ្លួនមនុស្សជាដំណាក់ៗ ដោយនៅបន្ទប់ជាន់ទី១ និងទី២ មានបន្ទប់ចំនួន២២បន្ទប់ សមត្ថកិច្ចឃាត់ខ្លួនមនុស្ស២៤៥នាក់ (ប្រុស១៥៧នាក់ និងស្រី៨៨នាក់ ) ខ្មែរ២នាក់ (ប្រុស១ស្រី១)។ ជាមួយគ្នានោះ សមត្ថកិច្ច ដកហូត អាវុធខ្លីចំនួន២ដើម ( ម៉ាកសាសតាវ៉ា មានគ្រាប់ចំនួន៨គ្រាប់ និង ម៉ាកសូរ៉ាគី មានគ្រាប់ចំនួន៦គ្រាប់)។ ដោយឡែកក្លឹបកំសាន្តបន្ទប់ជាន់ទី៣ បានឃាត់ខ្លួនមនុស្សចំនួន១២១នាក់ (ប្រុស ៨២នាក់ ស្រី៣៩នាក់) និងបន្ទប់ស្នាក់នៅជាន់ទី៤ ឃាត់ខ្លួនមនុស្សចំនួន១៥នាក់ ប្រុស១០នាក់ស្រី៥នាក់។

សមត្ថកិច្ច បញ្ជាក់ថា ប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន៣៨១នាក់ និងដកហូតគ្រឿងញៀន មួយចំនួនធំ ( មិនទាន់ថ្លឹង ) ។ ជនសង្ស័យទាំង ត្រូវបានបញ្ជូនយកទៅកាន់ស្នងការដ្ឋាននគរបាល ខេត្ត ព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី៕