ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នេះ ចេញមកបំភ្លឺថា លោក គួយ ពិសិត អាយុ២៤ឆ្នាំ ជាអ្នកសារព័ត៌មាន CBN TV Online មិនមែនត្រូវឃាតករវៃសម្លាប់ទេ គឺ ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។

សមត្ថកិច្ចបានអះអាងថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១និង៥០នាទីយប់ ក្រោយពីចុះត្រួតពិនិត្យ និង មានការបំភ្លឺសាក្សីនៅកន្លែងកើតហេតុភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ហើយថែមទាំងមានការចូលរួមចុះត្រួតពិនិត្យរបស់ផ្នែកកោសល្យវិច័យរាជធានីភ្នំពេញ និងស្របតាមការសន្និដ្ឋានរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន បានបញ្ជាក់ថា ឈ្មោះ គួយ ពិសិត ពិតជាបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូដួលពិតប្រាកដមែន មិនមែនជាករណីឃាតកម្មអ្វីឡើយ ។ ពេលនេះសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើពិធីបុណ្យតាមប្រពៃណី ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ ថ្លែងប្រាប់អ្នកសារព័ត៌មាន ថា នៅពេលកើតហេតុ ពួកគាត់បានឮសំឡេងដួលម៉ូតូប្រាវ តែភ្លាមៗនោះពួកគាត់មិនបានចេញមកក្រៅផ្ទះដើម្បីពិនិត្យមើល ហេតុការណ៍នោះទេ ។ លុះបន្តិចក្រោយមក ពេលបើកទ្វារចេញមកមើល ស្រាប់តែឃើញមនុស្សម្នាក់ដេកស្លាប់បាត់ទៅហើយ ។ ចំណែកម៉ូតូដួល គឺ នៅកណ្ដាលផ្លូវ ។ ក្រៅពីនេះគ្មានមនុស្សណាម្នាក់នៅជាមួយសពឡើយ ។

ទោះបីយ៉ាងណា សារព័ត៌មានទូរស័ព្ទសុំការបញ្ជាក់បន្ថែមពីលោកវរសេនីយ៍ទោ ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដែរតែទូរស័ព្ទចូលគ្មានអ្នកទទួល ដូច្នេះក្រុមការងារពួកយើងនៅតែរង់ចាំការបំភ្លឺបន្ថែមពីសំណាក់អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ៕