ខេត្តប៉ៃលិន៖ អតីតបុរសជាប្តីម្នាក់ ក្រោយពេលមកលួងលោមសុំរួមរស់ជាមួយអតីតប្រពន្ធវិញ ២ទៅ៣ដង តែអតីតប្រពន្ធមិនព្រម ក៏ជះទឹកអាស៊ីតលើផ្ទៃមុខ បណ្ដាលឱ្យរងរបួសធ្ងន់ ។

ហេតុការណ៍បានកើតឡើងនៅម៉ោង១៖០០នាទី រំលងអធ្រាតឈានចូលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅផ្ទះខាងស្ត្រី នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន។

ជនសង្ស័យឈ្មោះ សាយ សុខម៉េង ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន។ ចំណែកជនរងគ្រោះ ឈ្មោះសុខ នួន ហៅណាង ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

ប្ដីប្រពន្ធទាំងពីរនាក់នេះ បានយកគ្នាជាប្ដីប្រពន្ធ តាំងពីឆ្នាំ២០១៣ តែគ្មានសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍នោះទេ ។ មួយរយៈចុងក្រោយនេះ ពួកគេទាំងពីរនាក់បានទៅធ្វើការនៅប្រទេសថៃ។ លុះពេលវិលត្រឡប់មកពីប្រទេសថៃវិញ បុរសជាប្ដីបានសុំលែងលះប្រពន្ធ បានមួយរយៈខ្លីក៏មកលួងលោមសុំប្រពន្ធត្រូវគ្នាវិញ ២ទៅ៣ដង តែប្រពន្ធមិនព្រម ក៏សម្រេចចិត្តជះទឹកអាស៊ីតលើអតីតប្រពន្ធបណ្ដាលឱ្យរបួសធ្ងន់តែម្ដង រួចជនសង្ស័យ បានជិះម៉ូតូរត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុ ស្រ្តីរងគ្រោះត្រូវបញ្ជូនទៅមន្ទីពេទ្យ។ចំណែកជនសង្ស័យ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ ដើម្បីចាប់ខ្លូនយកមកផ្ឌន្ទាទោសតាមច្បាប់៕