ខេត្តកណ្តាល៖ សមត្ថកិច្ចឃាត់ខ្លួនបានហើយ បុរសជាឪពុកដែលយកខ្សែក្រវាត់វាយធ្វើបាបកូនស្រីខ្លួនឯង កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង១៥ និង៣០នាទី ស្ថិតនៅភូមិស្រះពោធិ៍ ឃុំភ្នំបាត ស្រុកពញាឮ។

នេះបើយោងតាមរបាយការណ៍សមត្ថកិច្ច បានបញ្ជាក់ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ។
ជនរងគ្រោះជាកូន ឈ្មោះខា លក្ខិណា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់នំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ ជនសង្ស័យជាឪពុកបង្កើតឈ្មោះគឹម ខាយ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិឃុំជាមួយគ្នា។

មុនពេលកើតហេតុ ជនរងគ្រោះបានទៅរកទិញបាយហូប រួចមកក៏ត្រលប់មកផ្ទះវិញបោកខោអាវ។ បន្ទាប់ពីបោកខោអាវរួច ជនរងគ្រោះឈ្មោះខា លក្ខិណា បានជិះម៉ូតូម៉ាកIcon ពណ៌ក្រហម លាយខ្មៅ ដឹកប្អូនស្រីឈ្មោះខា ស្រីនុត អាយុ ៣ឆ្នាំ ទៅរកប្តីនៅម្តុំដីក្រហម កន្លែងតង់ខៀវ ពេលនោះជនសង្ស័យឈ្មោះខឹម ខាយ បានដើររកជនរងគ្រោះ។ ពេលឃើញជនរងគ្រោះ ជនសង្ស័យបានដេញឱ្យជនរងគ្រោះយកម៉ូតូនិងប្អូនទៅផ្ទះវិញ ប៉ុន្តែជនរងគ្រោះមិនព្រមទៅ ជនសង្ស័យជាឪពុកខឹង ក៏ហូតយកខ្សែក្រវាត់ពីចង្កេះ វាយទៅលើជនរងគ្រោះ ត្រូវចំកែងដៃខាងស្តាំ០១ខ្សែក្រវាត់ និងចំកំភួនជើងខាងឆ្វេង០១ក្រវាត់ បណ្តាលឱ្យមានរបួសស្នាមតែម្ដង។

ក្រោយមកសមត្ថកិច្ចបានទទួលព័ត៌មានពីករណីនេះ ក៏បានចុះទៅកន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី៕