រដ្ឋធានីសេអ៊ូល៖ ក្រោយការសម្លាប់ និងដុតកម្ទេច សាកសព មន្រ្ដីជលផល កូរ៉េខាងត្បូង ហើយមេដឹកនាំ គីម ជុងអ៊ុន បានចេញមុខសុំទោស​កូរ៉េខាង​ត្បូង​បាន ជំរុញឲ្យរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បើកការស៊ើបអង្កេតលើករណីនេះ។
ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ចេអ៊ីន បានប្រកាស នៅថ្ងៃ​ទី២៦ ខែកញ្ញា ឆ្នាំ២០២០ថា រដ្ឋាភិបាលទីក្រុងសេអ៊ូល នឹងស្នើឱ្យកូរ៉េ​ខាង​ជើង បើកការស៊ើបអង្កេតរួមគ្នាមួយ ជុំវិញការ​បាញ់​សម្លាប់​មន្ត្រី​ជល​ផល​របស់​កូរ៉េខាងត្បូង ហើយកម្ទេចសាកសពនោះ។

បើតាមសារព័ត៌មាន CAN បានចេញផ្សាយ នៅរសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ​២០​២០ ថា រឿងរ៉ាវដ៏រស៊ើបខាងលើនេះ បក្សប្រឆាំង និង​សាធារណមតិ​បាន​ដាក់​សម្ពាធយ៉ាងខ្លាំង មកលើរដ្ឋាភិបាលរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន។ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសបែបនេះ បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ កាលពីយប់ម្សិលមិញ។

កូរ៉េខាងត្បូង បានចោទរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងថា កងទ័ពកូរ៉េខាងជើង បានបាញ់សម្លាប់មន្រ្តីជលផលម្នាក់របស់ខ្លួន ខណ:ព្យាយាមរត់ចូលកូរ៉េខាងជើង។ ប៉ុន្ដែក្រោយពេលបាញ់សម្លាប់មន្រ្ដីជលផលកូរ៉េខាងត្បូង រួចហើយ កងទ័ពរបស់កូរ៉េខាងជើង ថែមដុតកម្ទេចសាកសពចោលបន្ថែមទៀត ដែលនេះជាទង្វើដ៏ព្រៃផ្សៃបំផុត មិនអាចអត់ឱនឲ្យបានឡើយ។

ក្រោយពេលមានឧបទ្ទវហេតុបែបនេះ មេដឹកនាំផ្ដាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចេញមុខសុំទោសដល់ប្រធានាធិបតីកូរ៉េខាងត្បូង និង​ប្រជា​ពលរដ្ឋរបស់ប្រទេសនេះផងដែរ។ លោក គីម ជុងអ៊ុន បានហៅ​ហេតុការណ៍​នោះថា ជារឿងដ៏អកុសល មិននឹកស្មានដល់។ នេះជាការចេញមុខ​សុំទោស​ដ៏កម្ររបស់មេដឹកនាំកូរ៉េខាងជើង។

បើតាមមេបញ្ជាការអាមេរិក ប្រចាំនៅកូរ៉េខាងត្បូង បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង មានការពួ្រយបារម្ភយ៉ាងខ្លាំង អំពីការឆ្លងកូវីដ១៩ ឆ្លងរាតត្បាត នៅក្នុងប្រទេសរបស់ខ្លួន ថ្វីបើពេលនេះ មិនទាន់មានរបាយការណ៍អំពីការឆ្លងក្ដី។ ដោយសារតែបញ្ហានេះ ទើបមេដឹកនាំកូរ៉េខាងជើង ចេញបញ្ជាឲ្យកងទ័ពបាញ់សម្លាប់អ្នកឆ្លងដែនចូលមកក្នុងប្រទេសកុម្មុយនីស្ដមួយនេះ៕