រដ្ឋធានីគៀវ៖ យន្ដហោះយោធាអ៊ុយក្រែនមួយគ្រឿង បានជួបនឹង ហេតុការណ៍ ដ៏អាក្រក់ធ្លាក់ បណ្ដាលឲ្យមនុស្ស២៥នាក់ស្លាប់ ២នាក់រងរបួសធ្ងន់ និងម្នាក់ ទៀតបាត់ខ្លួន។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង នៅ តំបន់ Kharkiv ភាគឦសាន នៃប្រទេសអ៊ុយក្រែន កាលពីយប់ ថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២០។

អាជ្ញាធរអ៊ុយក្រែន បានប្រកាស កាលពីព្រឹក ថ្ងៃសៅរ៍ថា នៅក្នុងឧបទ្ទវហេតុ គ្រោះថ្នាក់ធ្លាក់យន្ដហោះខាងលើនេះ មានមនុស្សយ៉ាង ហោចណាស់ ២៥នាក់ ស្លាប់ ២នាក់រងរបួសធ្ងន់ និងម្នាក់ទៀតបាត់ខ្លួន។
បើតាមសារព័ត៌មានរបស់អ៊ុយក្រែន Interfax បានផ្សាយថា ប្រធាន រដ្ឋបាល តំបន់ Kharkiv លោក Oleksiy Kucher បានបញ្ជាក់ថា មុនពេល យន្ត​ហោះ​ធ្លាក់នោះ អ្នកបើកបរយន្តហោះបានរាយការណ៍ថា ម៉ាស៊ីនខាងឆ្វេង​របស់យន្តហោះមានបញ្ហា។ ជាទូទៅ ស្ថានការណ៍បែបនេះ មិនបង្កជាបញ្ហា​នោះទេ ប្រសិបើអ្នកបើកយន្តហោះមានបទពិសោធន៍ច្រើនឆ្នាំ។
អាជ្ញាធរអាកាសចរណ៍អ៊ុយក្រែន បានបញ្ជាក់ថា យន្ដហោះដែលជួបនឹង​ហេតុ​ការណ៍​ដ៏អាក្រក់នេះ ប្រភេទ An-26 ហើយវាជាកម្មសិទ្ធិ​របស់​កងទ័ព​អាកាស​អ៊ុយក្រែន។ នៅក្នុងហេតុការណ៍នោះ យន្ដហោះ​បានដឹកមនុស្ស​សរុបចំនួន​២៨នាក់ ហើយភាគច្រើនជានាយទាហាន នៃសាកលវិទ្យាល័យទ័ពអាកាស Kharkov ។ ប៉ុន្ដែយន្ដហោះនោះបានធ្លាក់ នៅក្នុងអំឡុងពេលព្យាយាមចុះចត នៅឯអាកាសយានដ្ឋានក្នុងទីក្រុង ឈូហ្គីវ (Chuguev)។

ជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាន​សរសេរសារនៅលើបណ្តាញសង្គមថា លោកនឹងធ្វើដំណើរ តាម​យន្តហោះ​ទៅកាន់តំបន់ Kharkiv ដោយផ្ទាល់ ដើម្បីពិនិត្យមើលអំពីស្ថានការណ៍ នៃការធ្លាក់យន្ដហោះនេះ។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ មន្រ្ដីជំនាញប្រទេសអ៊ុយក្រែន កំពុង​តែ​ស៊ើបអង្កេត អំពីករណីធ្លាក់យន្ដហោះនេះ៕