រាជធានីបាងកក៖ រថយន្ដក្រុង និងរថយន្ដដឹកទំនិញ បានបើកបោះ​ពួយយ៉ាង​លឿន ជ្រុលចង្កូតទៅបុកគ្នាយ៉ាងពេញទំហឹង លាន់ឮសំឡេងកក្រើកមេឃ ធ្វើ​ឲ្យរថយន្ដ​ក្រុងក្រឡាប់ដេកទៅលើថ្នល់ បណ្ដាលឲ្យមនុស្ស៧នាក់ស្លាប់ និង​អ្នក​ដំណើរ៣៣នាក់ផ្សេងទៀតរងរបួស។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើត​ឡើង កាលពីវេលាម៉ោង៣ និង៤៤នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅតាមផ្លូវលេខ ៣០៤ ស្ថិតក្នុងឃុំ Chaimongkhol ស្រុក Muang ខេត្ត Nakhon Ratchasima ប្រទេសថៃ។

ប៉ូលិសស្រុក Muang បានឲ្យដឹងថា កាលពីវេលាខាងលើនេះ សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ពីករណីគ្រោះថ្នាក់​ចរាចរណ៍ដ៏រន្ធត់នេះ។ ភ្លាមៗនោះ សមត្ថកិច្ច​បានចុះទៅដល់កន្លែងកើតហេតុ រកឃើញរថយន្ដដឹកទំនិញ មានស្លាក​លេខ​សម្គាល់​របស់ខេត្ត Lopburi និងរថយន្ដក្រុង មានស្លាកលេខ​សម្គាល់​របស់​ខេត្ដ Kalasin ។

ប្រភពព័ត៌មានដដែល បានបញ្ជាក់ថា បើតាមការពិនិត្យ គឺរថយន្ដក្រុង​ដឹកអ្នក​ដំណើរចំនួន៤០នាក់។ ក្នុងចំណោមជនរងគ្រោះទាំងនោះ គឺស្លាប់៧នាក់ និងរងរបួសចំនួន៣៣នាក់។ ប៉ុន្ដែភ្លាមៗនោះ ក្រុមមន្រ្ដី​សង្គ្រោះ​បានបញ្ជូន​អ្នករងរបួសទៅកាន់មន្ទីរពេទ្យ នៅជិតកន្លែងកើតហេតុ។

ប្រភពព័ត៌មានដដែល បានបន្ដថា បើតាមការពិនិត្យមើល គឺរថយន្ដក្រុង​ដឹក​ក្រុម​អ្នកស្ម័គ្រចិត្ដផ្នែកសុខាភិបាលប្រចាំភូមិ ចេញពីខេត្ត Roi Et ​នៅទី​ក្រុង​បាទីយ៉ា ខេត្ត Chonburi ។ លុះពេលពួកគេធ្វើដំណើរ​មកដល់​ចំណុច​កើត​ហេតុ ក៏ជួបនឹងគ្រោះថ្នាក់បែបនេះតែម្ដង។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ប៉ូលិសកំពុងតែប្រមូលភ័ស្ដុតាង និង​សម្ភាសន៍សាក្សី ដើម្បីកំណត់ឲ្យដឹងអំពីមូលហេតុ នៃគ្រោះថ្នាក់​ចរាចរណ៍​នេះ មុននឹងកសាងសំណុំរឿង ចាត់ការតាមច្បាប់៕