រាជធានីបាងកក៖ ស្ថាប័នឱសថរបស់រដ្ឋាភិបាលថៃ ហៅកាត់ (GPO) បាន​ចុះហត្ថលេខាលើអនុស្សរណ:លើការយោគយល់គ្នាជាមួយនឹងស្ថាប័ន PTT សាងសង់រោងចក្រផលិតឱសថ សម្រាប់ប្រឆាំងនឹង ជំងឺមហារីក គ្រប់ ប្រភេទ ហើយវានឹងមានភាពងាយស្រួលដល់អ្នកជំងឺ ព្រោះវាមាតម្លៃថោក ជាងពាក់កណ្ដាល នៃតម្លៃឱសថបច្ចុប្បន្ន។

លោក Anutin Charnvirakul រដ្ឋមន្រ្ដីក្រសួងសុខាភិបាលសាធារណ: បាន​ថ្លែង​ថា មហារីកជាជំងឺរ៉ាំរ៉ៃដ៏សាហាវបំផុតមួយ។ ជំងឺនេះនាំឲ្យមាន​អត្រា​ស្លាប់ខ្ពស់បំផុត នៅក្នុងរយ:ពេល២ទសវត្សរ៍ កន្លងមកនេះ។ ជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសថៃ មានអ្នកស្លាប់ ដោយសារជំងឺមហារីក កើនឡើងជាង ៨០ ០០០នាក់។ រីឯការចំណាយលើការព្យាបាលជំងឺដ៏កាចសាហាវនេះ មានតម្លៃ​ខ្ពស់ណាស់ បើធៀបនឹងការព្យាបាលជំងឺផ្សេងៗ។

លោករដ្ឋមន្រ្ដីក្រសួងសុខាភិបាលសាធារណ: បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ប្រទេសថៃបានចំណាយថវិកាលើការព្យាបាលជំងឺនេះ អស់រហូតដល់​ជាង​២១​ពាន់លានបាត (លុយថៃ) ឬស្មើនឹង ៦៦៦ ១៥៩ ៥៩៨ដុល្លារអាមេរិក។ ប៉ុន្ដែ​ប្រសិនបើយើងផលិតថ្នាំព្យាបាលជំងឺមហារីកគ្រប់ប្រភេទ នៅក្នុងប្រទេស​ថៃ​វិញ យើងនឹងអាចកាត់បន្ថយលើការទិញឱសថ រហូតដល់ទៅ៥០ភាគរយ។

ជាមួយគ្នានេះ លោក Supattanapong Punmeechaow រដ្ឋមន្រ្ដីក្រសួង​ថាមពល បានថ្លែងថា ការលើកកម្ពស់ការស្រាវជ្រាវ និងការផលិតឱសថនានា នៅក្នុងប្រទេស គឺសមស្របតាមទិសដៅរបស់ប្រទេសជាតិ ក្នុងគោលដៅ​អភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង វិលជុំ និងជីវសាស្រ្ដ។ នៅពេលមាន​ឧស្សាហកម្ម​វេជ្ជសាស្ដ្រដ៏ទូលំទូលាយ វានឹងដើរតួនាទីដ៏សំខាន់ ក្នុងការធ្វើឱ្យប្រទេសថៃ ក្លាយជាមជ្ឈមណ្ឌល សម្រាប់សុខាភិបាល និងជីវវិទ្យា​សាស្ត្រ​កាន់តែ​ប្រសើរ​ជាងមុន។

លោករដ្ឋមន្រ្ដី បានបន្ថែមថា រោងចក្រផលិត​ឱសថ​ប្រឆាំង​នឹងជំងឺ​មហារីក​គ្រប់ប្រភេទនេះ នឹងសាងសង់ នៅក្នុងតំបន់ឧស្សាហកម្ម Wanarom ស្ថិត​ក្នុងខេត្ដ Rayong ដែលស្ថិតនៅឆ្នេរភាគខាងកើត នៃឈូងសមុទ្រថៃ។ សំណង់​រោងចក្រនេះ នឹងចំណាយពេលសាងសង់១៤ខែ ហើយត្រូវគេរំពឹងថា នឹងសាសង់រួចរាល់ នៅឆ្នាំ២០២២ខាងមុខនេះ៕