ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ជាមេខ្លោងចោរប្លន់នៅរាជធានីភ្នំពេញ ក្រោយធ្វើសកម្មភាពប្លន់ប្រដាប់អាវុធ បានរត់មកលាក់ខ្លួននៅក្នុងភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ ត្រូវសមត្ថកិច្ចតាមស្រាវជ្រាវ និងចាប់ខ្លួនបញ្ជូនទៅកាន់រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។

ជនសង្ស័យឈ្មោះណយ សុផាន់ ហៅ ប៉ាន់ អាយុ២១ឆ្នាំ រស់នៅភូមិក្រាញ់ តាបាញ់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ សមត្ថកិច្ចដកហូតបានម៉ូតូ មួយគ្រឿង ម៉ាកហុងដា ឌ្រីម ស៊េរីឆ្នាំ ២០២០ ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ1IB-7320 ។

មុនពេលចាប់ខ្លួន ជនសង្ស័យនេះបានប្រើក្មេងប្រុសម្នាក់ឲ្យទៅដាក់លុយជំនួសនៅកន្លែង« វីង »មួយកន្លែង ចំនួន១០ម៉ឺន រៀល ដើម្បីវេរផ្ញើទៅឱ្យមិត្តស្រីរបស់ខ្លួននៅភ្នំពេញ។ ពេលនោះកម្លាំងជំនាញបានតាមដានក្មេងប្រុសម្នាក់នោះ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យតែម្ដង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពស្ទាក់ប្លន់យកម៉ូតូអ្នកដំណើរនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តមួយចំនួនទៀត មិនតិចជាង១០លើកឡើយ តែខ្លួនមិនមែនជាមេខ្លោងក្រុមប្លន់ប្រដាប់អាវុធនោះទេ គឺខ្លួនជាកូនចៅគេទេ…៕