ខេត្តសៀមរាប ៖ សំណង់រឹងមាំជាច្រើនខ្នងត្រូវអាជ្ញាធរក្រុងសៀមរាប បញ្ជាឱ្យម្ចាស់រុះរោះវាយកម្ទេចចោល ដើម្បីបើកផ្លូវពីចំណុចផ្លូវជាតិលេខ៦ ឆ្ពោះទៅដល់ផ្លូវ៧មករា ប្រវែង១ពាន់៣០ម៉ែត្រ ឱ្យអស់ទាំងស្រុងនាពេលដ៏ខ្លីខាងមុខនេះ ។

នៅថ្ងៃទី២៥ កញ្ញានេះ អគារដ៏រឹងមាំមួយ ត្រូវបានម្ចាស់ស្ម័ត្រចិត្តក្នុងការរុះរើ ព្រោះមុនពេលសាងសង់បានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរមូលដ្ឋានថា នៅពេលរដ្ឋត្រូវការធ្វើការស្ថាបនាផ្លូវពេលណា នឹងធ្វើការប្រគល់ជូនរដ្ឋវិញ ដោយមិនមានការទាមទារនូវសំណងអ្វីឡើយ ។

យោងតាមតម្រូវការរបស់ប្រជាពលរដ្ឋ និងភាពរីកចម្រើនក្នុងសង្គមផងនោះ ព្រមទាំងការបញ្ចៀសនូវភាពកកស្ទះចរាចរណ៍ក្នុងក្រុងសៀមរាប រដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹង កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ឱ្យក្រុមការងារចម្រុះ រួមមាន៖មន្រ្តីរដ្ឋបាលខេត្ត ក្រុង សង្កាត់ ចុះពិនិត្យ និងជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅលើដងផ្លូវ ដែលគម្រោងបើកផ្លូវទំហំ១៥ម៉ែត្រ ប្រវែង១ពាន់៣០ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦ទៅត្បូងដល់ផ្លូវ៧មករា(ផ្លូវវិទ្យាល័យអង្គរ)ត្រូវតែរុះរើចេញ ។

បងប្អូនប្រជាពលរដ្ឋមានក្បាលដីប៉ះពាល់ មានចំនួន៩៣ក្បាលដី និងសំណង់លើទ្រូងផ្លូវចំនួន១០គ្រួសារ ត្រូវបានក្រុមការងារធ្វើការសម្របសម្រួលអស់ហើយ នៅសល់តែសំណង់ចំនួន៣គ្រួសារប៉ុណ្ណោះដែលមិនទាន់បានរុះរើ ហើយក្រុមការងារនឹងធ្វើការសម្របសម្រួលជាមួយម្ចាស់សំណង់ទាំងនេះបន្តទៀត ដើម្បីឲ្យពួកគាត់យល់ព្រមរុះរើតាមគម្រោងផែនការដែលបានកំណត់ ។

ក្រុមការងារបានឲ្យដឹងថា មកដល់ពេលនេះ ការបើកផ្លូវនេះ ទទួលបានលទ្ធផល៨២%ហើយ ក្នុងការរុះរើលំនៅឋាន ហើយនឹងបញ្ចប់ នៅពេលដ៏ខ្លីខាងមុខនេះផងដែរ ។ ស្របពេលដែលសម្តេចនាយករដ្ឋមន្ត្រី ផ្តល់នូវកញ្ចប់ថវិកាជាតិចំនួន១៥០លានដុល្លារ សម្រាប់ស្ថាបនាផ្លូវ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ដែលគ្រោងនឹងបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ ៕