រាជធានីបាងកក៖ នារីវ័យក្មេងម្នាក់បានចាក់សម្លាប់ឪពុកបង្កើតរបស់ខ្លួនយ៉ាងសាហាវព្រៃផ្សៃ ហើយកាត់ប្រដាប់ភេទរបស់គាត់គ្រវាត់ចោល មុននឹងរត់គេចខ្លួនពីកន្លែងកើតហេតុ តែអំពើអាក្រក់ មិនអាចគេចខ្លួនរួចឡើយ ហើយក៏អស់លក្ខណ៍ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន នៅក្នុងទីក្រុងបាងកក ប្រទេសថៃ។

បើតាមសាក្សី បានឲ្យដឹងថា មុនពេលមានការភ្ញាក់ផ្អើល អំពីករណីឃាតកម្មដ៏សាហាវនោះ ជនរងគ្រោះទើបនឹងចេញពីមន្ទីរពេទ្យ ហើយត្រឡប់មកដល់ផ្ទះរបស់គាត់ នៅឡាក់ស៊ី។ លុះបន្ដិចក្រោយមក ក៏ឃើញកូនស្រីរបស់ជនរងគ្រោះ មានអាយុ២៩ឆ្នាំ ក៏មកដល់ដែរ។ ប៉ុន្ដែប្រហែលមួយសន្ទុះក្រោយមក កូនស្រីរបស់ជនរងគ្រោះ បានចាកចេញពីផ្ទះវិញ ដោយមានទាំងកាន់ថង់មួយមានប្រឡាក់ឈាមគួរឲ្យសង័្សយ។

ប្រភពព័ត៌មានដដែល បានបន្ដថា ក្រោយពេលមើលឃើញស្ថានភាពគួរឲ្យសង័្សយ អ្នកជិតខាងបានចូលទៅមើល នៅក្នុងផ្ទះរបស់ជនរងគ្រោះ ស្រាប់តែឃើញគាត់ (ជនរងគ្រោះ) បានស្លាប់នៅក្នុងថ្លុកឈាម។ ឃើញហេតុការណ៍ដ៏រន្ធត់បែបនេះ ពួកគាត់បានរាយការណ៍ទៅប៉ូលិស។

ប៉ូលិស Tung Song Hong បានថ្លែងថា បន្ទាប់ពីទទួលបានព័ត៌មានអំពីឃាតកម្មភ្លាម សមត្ថកិច្ចបានចុះទៅកាន់ទីនោះ ឃើញជនរងគ្រោះបានស្លាប់នៅក្នុងថ្លុកឈាម។ រីឯនៅលើសាកសពរបស់ជនរងគ្រោះមានស្នាមរបួសជាច្រើនកន្លែង និងមានដាច់ប្រដាប់ភេទថែមទៀតផង។

ប្រភពព័ត៌មានដដែល បានបន្ដថា នៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញកាំបិតចុងស្រួចមួយ។ ជាការសន្និដ្ឋានបឋម សមត្ថកិច្ចបានដាក់ការសង័្សយទៅលើកូនស្រីរបស់ជនរងគ្រោះ អាយុ២៩ឆ្នាំជាអ្នកសម្លាប់ឪពុករបស់នាង ព្រោះក្រោយពេលកើតហេតុ នាងបានបាត់ខ្លួនពីផ្ទះ។

ប៉ូលិស បានបញ្ជាក់តាមការសាកសួរពីអ្នកជិតខាងថា មុនពេលកើតហេតុនោះ ភ្លៀងបានធ្លាក់ខ្លាំង ហើយជនរងគ្រោះទើបនឹងមកដល់ផ្ទះដែរ តែពួកគាត់មិនបានឮសំឡេងរបស់ជនរងគ្រោះ និងជនសង័្សយ និយាយអ្វីនោះដែរ។ ប៉ុន្ដែនៅពេលជនសង័្សយចេញពីផ្ទះ ដោយមានប្រឡាក់ឈាម ទើបធ្វើឲ្យពួកគាត់មានការសង័្សយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានបន្ដការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង័្សយបាន ខណ:នាងកំពុងតែដើរតាមផ្លូវ នៅក្នុងទីក្រុងបាងកក។ ទោះជាយ៉ាងណា ប៉ូលិសមិនបានបញ្ជាក់អំពីមូលហេតុ ដែលកូនស្រីចាក់សម្លាប់ឪពុករបស់នាង ហើយកាត់ប្រដាប់ភេទរបស់គាត់នោះដែរ៕