រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពី ស្ថានភាពធាតុអាកាសនៅកម្ពុជា ដោយបានបញ្ជាក់ថា យោងការតាមដានជាប់ជាបន្ត សង្កេតឃើញថា ស្ថានភាពធាតុអាកាសមានការវិវត្តប្រែប្រួល រហ័ស ដោយប្រព័ន្ធសម្ពាធទាប បានរំកិលអូសបន្លាយឆ្លងកាត់លើភាគខាងជើងប្រទេសថៃ ប្រទេសឡាវ និងភាគកណ្តាលប្រទេសវៀតណាម។ នៅថ្ងៃបន្តបន្ទាប់នេះ ប្រព័ន្ធសម្ពាធទាប នឹងរំកិលចុះមកក្រោម ឆ្លងកាត់លើភាគខាងជើងព្រះរាជាណាចក្រកម្ពុជា។

លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៧-២៩ ខែកញ្ញា មានស្ថានភាពដូចខាងក្រោម៖
ភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយ និងកើនឡើងជាលំដាប់ ស្ទើរក្របខណ្ឌទូទាំងប្រទេស ជាពិសេស នៅតំបន់ភាគពាយ័ព្យជាប់ប្រទេសថៃ និងខេត្តជាប់មាត់សមុទ្រ ដែលលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់បក់ខ្លាំង ផ្គរ រន្ទះ និងរលកសមុទ្រខ្ពស់ៗ។

ក្រសួង បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅទីទំនាប ក្បែរផ្លូវទឹក ជាប់តំបន់ភ្នំ និងអ្នកនេសាទ អ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នានា ដែលអាចកើតឡើងដោយបាតុភូតធាតុអាកាសនេះ៕