ភ្នំពេញ៖ រោងចក្រផលិតស្បែកជើងមួយឈ្មោះវ៉ុលស្កូ អ៊ិនធើណាស្យូណាល មិនដឹងមូលហេតុអ្វី ស្រាប់តែមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា រោងចក្រផលិតស្បែកជើងវ៉ុលស្កូ អ៊ិនធើណាស្យូណាល នេះ មានកម្មករធ្វើការតែពេលថ្ងៃទេ ហើយមុនពេលកើតហេតុ ស្រាប់តែឮសំឡេងផ្ទុះពីក្នុងរោងចក្រ។ មួយសន្ទុះក្រោយមក ក៏មានផ្សែងហុយខ្មួលខ្មាញ់ចេញពីក្នុងរោងចក្រ និងមានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្ដង ។ ពេលនោះ ប្រជាពលរដ្ឋក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឲ្យជួយធ្វើអន្តរាគមន៍ភ្លាមៗ ដោយមានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចុះមកជួយបាញ់ទឹកពន្លត់យ៉ាងសស្រោកសស្រាំ។ តែរហូតដល់ម៉ោងជាង៤ជិតភ្លឺទៅហើយ ក៏មិនទាន់រលត់ទៅវិញអស់ទាំងស្រុងដែរ។

សមត្ថកិច្ចជំនាញមិនទាន់បញ្ជាក់ពីមូលហេតុនៃការកើតអគ្គិភ័យនេះនៅឡើយទេ។ តែយ៉ាងណា មិនមានមនុស្សណាម្នាក់រងគ្រោះក្នុងហេតុការណ៍នេះដែរ ៕