ខេត្តបន្ទាយមានជ័យ៖ ប្តីប្រពន្ធវ័យចំណាស់ពីរនាក់កំពុងជិះម៉ូតូតាមដងផ្លូវសុខៗ ស្រាប់តែរថយន្តម៉ាកកាមរី មកបុកពីក្រោយ បណ្ដាលឱ្យស្លាប់ភ្លាមៗទាំង២នាក់ប្តីប្រពន្ធ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ។

ជនរងគ្រោះជាប្ដី និងជាអ្នកបើកបរម៉ូតូ ឈ្មោះតុប យ៉ាន ភេទប្រុស អាយុ៦៧ឆ្នាំជាប្តី និងអ្នករួមដំណើរជាប្រពន្ធឈ្មោះម៉ៅ យុង អាយុ៦៩ឆ្នាំ រស់នៅភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ។

មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ ប.មានជ័យ 1V. 4443 ។ លុះបើកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាកាមរី ពណ៌ទឹកសមុទ្រ ផលិតឆ្នាំ1995ពាក់ស្លាកលេខភ្នំពេញ.2E -2717 បើកបរក្នុងល្បឿនលឿន មកបុកចំពីក្រោយ បណ្តាលឲ្យស្លាប់ទាំង២នាក់ប្តីប្រពន្ធនៅនឹងកន្លែងតែម្ដង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកវាស់វែង រួចវត្ថុតាងម៉ូតូនិងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីរកម្ចាស់រថយន្តមកដោះស្រាយចំពោះមុខច្បាប់។ចំណែកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រណៃណី ៕