រដ្ឋធានីសេអ៊ូល៖ ក្រោយ​ពេល​ប្រធានា​ធិបតី​កូរ៉េខាង​ត្បូង បានខឹង​សម្បា​លើ​ក​រណី​បាញ់សម្លាប់​មន្រ្ដីជលផល​របស់ខ្លួន ហើយកងទ័ពរបស់​ប្រទេសនេះ​ត្រៀម​លក្ខណ:ធ្វើសង្រ្គាមជាមួយនឹងប្រទេសជាបងប្អូននោះមក មេដឹកនាំ​កូរ៉េខាង​ជើង បានចេញមុខ​សុំទោស​​ដ៏កម្រ ចំពោះ​ឧ​​បទ្ទវហេតុនេះ។

ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញ​សារ​សុំ​ទោស​​ដ៏កម្រមួយ លើអ្វីដែលមេដឹកនាំកូរ៉េខាងជើង បានពិពណ៌នាថា នេះ​ជា​ការ​សម្លាប់មួយ ដោយមិនបានគិតទុកជាមុន និងគួរឱ្យអាម៉ាស់បំផុត ចំពោះ​ការសម្លាប់លើមន្រ្ដីកូរ៉េខាងត្បូង នៅឯសមុទ្រ ជិតព្រំដែន រវាងប្រទេស​ទាំង២។

នៅមុនពេលមេដឹកនាំកូរ៉េខាងជើងសុំទោសនេះ លោក មូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង បានថ្លែងថា មន្ត្រីទទួលបន្ទុកដែនសមុទ្រ និងនេសាទកូរ៉េខាងត្បូងម្នាក់ ត្រូវបានទាហានកូរ៉េខាងជើង បាញ់សម្លាប់ និងដុតកម្ទេចសាកសព ហើយនេះជាអំពើដ៏ព្រៃផ្សៃ ​មិនអាចទទួលយកបានឡើយ។

​លោក Kang Min Seok អ្នក​នាំ​ពាក្យ​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង បានថ្លែង កាលពីថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ២០២០ ថា កូរ៉េ​ខាងត្បូង​អំពាវនាវ​ឲ្យទីក្រុងព្យុងយ៉ាង ​ទទួលខុសត្រូវ ពាក់ព័ន្ធនឹងមន្ត្រី​កូរ៉េខាងត្បូង​ ដែលត្រូវទាហានកូរ៉េខាងជើងបាញ់សម្លាប់ នៅតំបន់សមុទ្រ​ព្រំដែន រវាងប្រទេសទាំងពីរ​។ ជាមួយគ្នានេះ ប្រធានា​ធិបតី មូន បានស្នើដល់កម្លាំងទាហានបង្កើនការរក្សាសន្តិសុខ​​ ការពារអាយុជីវិតរបស់ខ្លួន​ និងសុវត្ថិភាពរបស់ពលរដ្ឋកូរ៉េខាងត្បូងទាំងមូល។

ប្រភពព័ត៌មានពីកូរ៉េខាងត្បូង បានឲ្យដឹងថា មន្រ្ដីកូរ៉េខាងត្បូង​ដែល​រាយការណ៍​បាត់ខ្លួនពីទូកល្បាតបទល្មើសនេសាទនោះ គឺមានចម្ងាយ​ប្រហែល១​០​គីឡូ​ម៉ែត្រ​ភាគខាងត្បូង នៃខ្សែបន្ទាត់កំណត់ព្រំដែនកូរ៉េខាងជើង។ នៅចំណុច​នោះ​តែ​ងតែមានជម្លោះលើការគ្រប់គ្រងខាងយោធា រវាងប្រទេស​បងប្អូន​ទាំង​២នេះ។

មេបញ្ជាការកងទ័ពអាមេរិក ប្រចាំនៅកូរ៉េខាងត្បូង បានថ្លែងថា កងទ័ពកូរ៉េ​ខាងជើង ទទួលបទបញ្ជា «បាញ់សម្លាប់» អ្នកឆ្លងដែនចូលមក​ក្នុងប្រទេស​កូរ៉េខាង​ជើង ដើម្បីការពារកូវីដ១៩៕