រាជធានីបាងកក៖ បុរសម្នាក់បានបើករថយន្ដស៊េរីទំនើប ដឹក​ប្រពន្ធ​បោះពួយ​យ៉ាងលឿន ជ្រុលចង្កូតទៅបុកទ្រូងផ្លូវ ហើយបន្ដ​ទៅបុក​ដើម​ឈើ​មួយ​ដើម​ទៀត បណ្ដាលឲ្យស្លាប់ខ្លួនឯងយ៉ាងអាណោចអាធ័ម ហើយប្រពន្ធរងរបួសធ្ងន់ កាលពីវេលាម៉ោង៤ព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅតាមផ្លូវ Thep Krasattri ស្ថិតក្នុងស្រុក Thalang ខេត្តភូកេត ប្រទេសថៃ។

លោកវរសេនីយ៍ Kittiphum Thinthalang មន្រ្ដីស៊ើបអង្កេតស្រុក Thalang បានឲ្យដឹងថា មុនពេល​​កើត​មាន​នូវគ្រោះថ្នាក់ចរាចរណ៍នោះ ជន​រងគ្រោះ​បានបើករថយន្ដ ម៉ាក Mercedes Benz ដឹកប្រពន្ធតាម​បណ្ដោយ​ផ្លូវThep Krasattri ។ លុះមកដល់ចំណុចកើតហេតុ ទំនង​ជា​អ្នក​បើកបរបាត់បង់ម្ចាស់ការ ទើបធ្វើឲ្យរថយន្ដជ្រុលទៅបុកទ្រុងផ្លូវ ហើយ​បន្ដ​ទៅបុកដើមឈើមួយដើមទៀត បណ្ដាលឲ្យអ្នកបើកបរស្លាប់ និងប្រពន្ធ​របស់​គាត់​រងរបួស។

លោកវរសេនីយ៍ បានបន្ដថា ជនរងគ្រោះ ឈ្មោះ Chamnan Chaileum អាយុ៥៦ឆ្នាំ (ស្លាប់) និងប្រពន្ធ ឈ្មោះ Sunee Phudbua ។ ពួកគេទាំង២នាក់ រស់នៅស្រុក Muang ខេត្តភូកេត។ បើតាមការពិនិត្យ នៅកន្លែងកើតហេតុ គេអាចសន្និដ្ឋានបានថា ជនរងគ្រោះបានបើករថយន្ដ នៅក្នុងល្បឿនលឿន។

ទោះជាយ៉ាងណា ប៉ូលិសថៃនៅតែ​បន្ដ​ស៊ើប​អង្កេត​លើ​ករណីគ្រោះថ្នាក់​ចរាចរណ៍​​នេះបន្ថែមទៀត៕