ភ្នំពេញ ៖ សត្វកណ្ដុរយក្សអាហ្វ្រិក Magawa មួយក្បាល ដែលបានខិតខំស្វែងរកគ្រាប់មីន៣៩គ្រាប់ និងមានគ្រាប់មិនទាន់បំផ្ទុះចំនួន២៨គ្រាប់ នៅក្នុងប្រទេសកម្ពុជា បានទទួលរង្វាន់មេដាយមាសដ៏មានកិត្យានុភាពមួយ ។

បើយោងតាមអង្គការសប្បុរសធម៌របស់ចក្រភពអង់គ្លេស PDSA បានឱ្យដឹងថា អង្គការនេះបានប្រគល់មេដាយមាសជូនសត្វកណ្ដុរមួយក្បាលនេះ សម្រាប់ការលះបង់ជីវិត ដើម្បីបំពេញកាតព្វកិច្ចក្នុងទីតាំង និងការបោសសម្អាតគ្រាប់មីនដ៏គ្រោះថ្នាក់ នៅក្នុងប្រទេសកម្ពុជា ដែលគេបានប៉ាន់ប្រមាណថា មានមីនដល់ទៅ៦លានគ្រាប់ ដែលកប់រាយប៉ាយនៅក្នុងដី។

មេដាយមាសរបស់អង្គការPDSA មានចារឹកដោយពាក្យថា៖ «សម្រាប់សត្វមានសេចក្ដីអង់អាច ឬលះបង់ដើម្បីកាតព្វកិច្ច»។ ក្នុងចំណោមសត្វទាំង៣០ដែលត្រូវទទួលរង្វាន់មេដាយមាស គឺជាសត្វកណ្ដុរដំបូងគេ។សូមជម្រាបថា សត្វកណ្ដុរយក្សអាហ្វ្រិកនេះ មានអាយុ៧ឆ្នាំ ត្រូវបានបណ្ដុះបណ្ដាលដោយអង្គការ Apopo។

យោងតាមអង្គការ Apopo បានឲ្យដឹងដែរថា សត្វកណ្ដុរMagawa កើតនិងធំធាត់នៅក្នុងប្រទេសតង់ហ្សានី ដែលមានទម្ងន់១.២គីឡូក្រាម និងមានប្រវែង៧០សង់ទីម៉ែត្រ វាមានទំហំធំជាងប្រភេទកណ្ដុរឯៗទៀត ហើយទម្ងន់វាស្រាលល្មម ដែលវាមិនអាចជាន់កៃគ្រាប់មីន ឱ្យផ្ទុះបានទេ នៅពេលវាដើរពីលើគ្រាប់មីនទាំងនោះ៕