រដ្ឋធានីឡាហ្គោស(Lagos)៖ រថយន្ដដឹកប្រេងឥន្ធន:មួយគ្រឿង ត្រូវអគ្គីឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យមនុស្សជាច្រើននាក់ស្លាប់ កាលពីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ តាមផ្លូវ Lokoja-Zariagi ស្ថិតក្នុងរដ្ឋកូហ្គី ប្រទេសនីហ្សេរីយ៉ា។

បណ្ដាញទូរទស្សន៍ CNN បានដកស្រង់ប្រភពពីមន្ត្រីទីភ្នាក់ងារសុវត្ថិភាពផ្លូវថ្នល់ នៃប្រទេសនីហ្សេរីយ៉ា យកមកផ្សាយថា ភ្លើងបានឆេះរថយន្តដឹកសាំងមួយគ្រឿងយ៉ាងសន្ធោសន្ធៅ នៅរដ្ឋកូហ្គី នាភាគកណ្តាល ប្រទេសនីហ្សេរីយ៉ា។ នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនោះ បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ២៨នាក់ បានបាត់បង់ជីវិត។

លោក Bisi Kazeem អ្នកនាំពាក្យសហព័ន្ធសុវត្ថិភាពចរាចរណ៍ផ្លូវគោកសហព័ន្ធ (FRSC) បានថ្លែងថា ក្នុងចំណោមជនរងគ្រោះទាំងនោះ មានកុមារចំនួន៩នាក់ផងដែរ។ ហេតុការណ៍គ្រោះថ្នាក់មួយនេះបានកើតឡើងនៅទល់មុខស្ថានីយប្រេងឥន្ធនៈមួយកន្លែង នៅតាមបណ្តោយផ្លូវ Lokoja-Zariagi ស្ថិតក្នុងរដ្ឋកូហ្គី។

លោក Yahaya Bello អភិបាលរដ្ឋកូហ្គី បានសរសេរ នៅក្នុងសេចក្តីថ្លែងការណ៍ថា ឧប្បត្តិហេតុនេះ បានបណ្តាលឱ្យមនុស្សបាត់បង់ជីវិតយ៉ាងតិច២៨នាក់។ ក្រៅពីនេះ វាបានបំផ្លាញយានយន្ត និងទ្រព្យសម្បត្តិយ៉ាងច្រើនផងដែរ។

ប្រទេសនីហ្សេរីយ៉ា ជាអ្នកផ្គត់ផ្គង់ប្រេងឆៅយ៉ាងច្រើនមួយ នៅលើពិភពលោក ហើយគេតែងតែដឹកជញ្ជូនប្រេងតាមផ្លូវគោក និងផ្លូវទឹក។ ប៉ុន្ដែកាលពីឆ្នាំមុន ក៏មានហេតុការណ៍ផ្ទុះឆេះបែបនេះដែរ ដោយបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់៥០នាក់ បាត់បង់ជីវិត និង១០១នាក់ផ្សេងទផតរងរបួស ដោយសាររថយន្តដឹកប្រេងក្រឡាប់ផ្ទុះ នៅកណ្តាលប្រទេសនីហ្សេរីយ៉ា។ រីឯ នៅក្នុងឆ្នាំ២០១៥ ក៏មានមនុស្សជាង៦០នាក់បានបាត់បង់ជីវិត នៅក្នុងឧប្បត្តិហេតុដឹកប្រេងមួយផ្សេងទៀត នៅក្នុងរដ្ឋ Anambra ផងដែរ៕

សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖