ខេត្តស្វាយរៀង៖ ក្រោយសាច់ញាតិបង្ហោះតាមបណ្តាញសង្គម Facebook ទាមទាររកយុត្តិធម៌រួចមក ន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលអង្គតាសូម្នាក់ ដែលធ្វើសកម្មភាពប៉ុនប៉ងរំលោភយុវតីអាយុ១៦ឆ្នាំម្នាក់ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ រួចរត់គេចខ្លួនបាត់ជាង២ខែ ខណៈនេះត្រូវបានសមត្ថកិច្ចខេត្តស្វាយរៀង ចាប់ខ្លួនបញ្ជូនទៅតុលាការហើយ។

សមត្ថកិច្ចខេត្តស្វាយរៀង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ៅ វីរៈ ហៅចំរើន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមន្ត្រីនគរបាលប៉ុស្តិ៍អង្គតាសូ ឋានន្តរស័ក្ដិអនុសេនីយ៍ត្រី ត្រូវបានឃាត់ខ្លួន នៅល្ងាចថ្ងៃទី២៤ ខែកញ្ញា ២០២០។

គ្រួសារក្មេងស្រីរងគ្រោះបានឲ្យដឹងថា កាលពីព្រលប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ក្នុងភូមិក្តុមពី ឃុំគោកព្រីង ស្រុកស្វាយជ្រំ ពេលឪពុកម្ដាយបានទៅចូលរួមក្នុងពិធីមង្គលការគេនៅក្នុងភូមិ បានទុកកូនស្រីរងគ្រោះឱ្យនៅផ្ទះម្នាក់ឯង។ ខណៈមានឱកាសស្ងាត់ល្អ ជនសង្ស័យជាមន្រ្តីប៉ូលិសពាក់ស័ក្ដិ១ ឈ្មោះ ម៉ៅ វីរៈ ហៅចំរើន បានមកសុំក្មេងស្រីរងគ្រោះរួមភេទ ពេលនាងនៅក្រោមផ្ទះ ។ ប៉ុន្តែនាងប្រកែកមិនព្រម ជនសង្ស័យ ក៏ស្ទុះមកចាប់អោបក្មេងស្រីពីក្រោយនៅផ្ទះបាយក្រោមផ្ទះ រួចរត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុ ឪពុកម្ដាយក្មេងស្រីរងគ្រោះបានប្ដឹងទៅប៉ុស្តិ៍ឃុំគោកព្រីង ស្រុកស្វាយជ្រំ។ តែសមត្ថកិច្ចហាក់ដូចជាធ្វើព្រងើយៗ មិនចាត់ការ ទើបឪពុកម្ដាយក្មេងស្រីរងគ្រោះ សម្រេចចិត្តប្ដឹងទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ តែម្ដង ។

ជនសង្ស័យឈ្មោះ ម៉ៅ វីរៈ ហៅចំរើន ត្រូវកម្លាំងនគរបាលឃាត់ខ្លួន បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ហើយ៕