ខេត្តព្រះវិហារ ៖ មន្តី្រយោធាម្នាក់ បានប្រើអំពើហិង្សាលើស្រី្តជាប្រពន្ធ ដោយចាប់បោកក្បាលនឹងឥដ្ឋការ៉ូសម្លាប់យ៉ាងសាហាវព្រៃផ្សៃបំផុត រួចយកសពនាងទៅបក់ចោលនៅក្រោយផ្ទះ ដើម្បីបំបិតភ័ស្តុតាង ហើយធ្វើដូចជាមិនដឹងរឿង តែយ៉ាងណា កម្លាំងនគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងយោធា (ក.២) កងពលតូចអន្តរាគមន៍លេខ៨ បានធ្វើការស្រាវជ្រាវ រហូតបំបែកសំណុំរឿងឃាតកម្ម ដោយចាប់ខ្លួនបុរសជាប្តីជាឃាតករយកទៅចាត់ការតាមផ្លូវច្បាប់។

លោក ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត បានប្រាប់អ្នកកាសែតឲ្យដឹងថា ជនសង្ស័យជាប្តី ឈ្មោះ ស៊ិន ស៊ឹម អាយុ៥២ឆ្នាំ មុខរបរយោធាបម្រើនៅអង្គភាពវរអន្តរាគមន៍លេខ៣៨២ នៃកងពលតូចអន្តរាគមន៍លេខ៨។ ចំណែកស្រ្តីរងគ្រោះជាប្រពន្ធមានឈ្មោះ ហួយ ផល្លា អាយុ៥៥ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ជនរងគ្រោះជាប្រពន្ធត្រូវបានជនសង្ស័យជាប្តីសម្លាប់ កាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ហើយបានយកទៅកប់ក្រោយផ្ទះ ដើម្បីបំបិទភ័ស្តុតាង តែរឿងនេះ ត្រូវបែកធ្លាយដោយសារកូនទូរស័ព្ទរកម្តាយ (ស្រ្តីរងគ្រោះ) អត់ចូល។ លុះពេលទូរស័ព្ទសួរជនសង្ស័យជាឪពុក តែជនសង្ស័យឆ្លើយបែបអត់ដឹងប្រពន្ធទៅណាទេ គឺបាត់ខ្លួន២-៣ថ្ងៃហើយ។

លោកអធិការ បន្តថា ក្រោយពីបែកធ្លាយរឿងបាត់ខ្លួនស្រ្តីរងគ្រោះ លោកមេភូមិស្ទឹងខៀវតេជោ ក៏បានរាយការណ៍ទៅសមត្ថកិច្ច ហើយកម្លាំងសមត្ថកិច្ចចុះទៅធ្វើការស្រាវជ្រាវដល់ផ្ទះជនរងគ្រោះ រហូតកំណត់មុខសញ្ញាជនសង្ស័យជាប្តី និងឈានដល់ការឃាត់ខ្លួន ព្រមទាំងនាំទៅចង្អុលបង្ហាញកន្លែង ដែលខ្លួនយកប្រពន្ធទៅកប់ចោល។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់ប្រពន្ធពិតប្រាកដមែន គឺសម្លាប់ដោយបោកក្បាលនឹងឥដ្ឋការ៉ូ ដោយសារខឹងប្រពន្ធរកកាប់ខ្លួន ។

ជនសង្ស័យត្រូវបានកម្លាំងនគរបាលស្រុកជំាក្សាន្ត កសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី។ ចំណែក សពស្រ្តីរងគ្រោះ សមត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕