ខេត្តសៀមរាប ៖ ព្រះសង្ឃ១អង្គ គង់នៅវត្តត្របែកឯករង្សី ភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម បានយកកាំបិតអារ.កខ្លួនឯង បណ្តាលឲ្យសុគតយ៉ាងអាណោចអាធ័ម ក្នុងថ្លុមឈាម បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង១៧ និង៣០នាទី ខេត្តថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ។

លោក ទេព ចាន់ណា អធិការនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានឲ្យដឹងថា សង្ឃរងគ្រោះ មានព្រះនាម ដុំ ជា ព្រះជន្ម៥០វស្សា (មានជំងឺសរសៃប្រសាទ) មានស្រុកកំណើតនៅភូមិអង្គុញ ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប សព្វថ្ងៃគង់ នៅក្នុងវត្តកើតហេតុខាងលើ។

លោកអធិការបន្តថា នៅវេលាម៉ោង ថ្ងៃខែឆ្នាំកើតហេតុខាងលើ ជំងឺរបស់សង្ឃរងគ្រោះបានរើឡើង ស្របពេលនោះបណ្ដាញចរន្តអគ្គិសនីបានដាច់ ជនរងគ្រោះបានអុជទៀនបំភ្លឺក្នុងកុដិ ហើយចាក់សោកុដិពីខាងក្នុងដូចសព្វដង រួចធ្វើអត្តឃាតដោយយកកាំបិតអារ.កខ្លួនឯង ហើយក៏ដួលប្រកាច់ទៅប៉ះនឹងទៀនដែលបានអុជបំភ្លឺនោះ បណ្ដាលឲ្យភ្លើងរាលឆេះ សម្ភារប្រើប្រាស់ក្នុងកុដិ ។

តាមការធ្វើកោសល្យវិច័យរបស់ផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុ និងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម តាមចម្លើយបំភ្លឺរបស់ព្រះសង្ឃ និងគណៈកម្មការវត្ត ព្រមទាំងក្រុមគ្រួសារជនរងគ្រោះ ។ ជនរងគ្រោះពិតជាមានជំងឺសរសៃប្រសាទ ហើយបានធ្វើអត្តឃាតអារ.កសម្លាប់ខ្លួនឯង ពិតប្រាកដមែន ពុំមែនជាករណីឃាតកម្មនោះទេ ។ ក្រោយធ្វើកំណត់ហេតុ សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះ ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕