រដ្ឋធានីហាណូយ៖ ក្រុមអ្នកជំនាញ បានយល់ឃើញថា នាយករដ្ឋមន្រ្ដី​ថ្មី​របស់​​​ប្រទេសជប៉ុន នឹងបន្ដការគាំទ្ររបស់​ជប៉ុនដល់ការបើក​ចំហ​ដែន​សមុទ្រ និងសេដ្ឋកិច្ច ហើយគោលនយោបាយនេះ នឹងជំរុញឲ្យទំនាក់ទំនង​រវាងជប៉ុន និងវៀតណាម កាន់តែជិតស្និទ្ធឡើងបន្ថែមទៀត។

លោកស្រី Christina Davis សាស្រ្ដចារ្យរបស់រដ្ឋាភិបាល និង​ជានាយក​កម្មវិធី​ ស្ដីពីទំនាក់ទំនងអាមេរិក-ជប៉ុន នៅឯសាកលវិទ្យាល័យហាវើដ (Harvard) បានថ្លែងថា ក្រោយពេល​នាយករដ្ឋមន្រ្ដីថ្មីរបស់​ប្រទេស​ជប៉ុន​ឡើងកាន់តំណែង នឹងមាននិរន្ដរភាព នៅក្នុងការប្ដេជ្ញាចិត្ដរបស់រដ្ឋាភិបាល ចំពោះសម្ពន្ធមិត្ត រវាងអាមេរិក-ជប៉ុន ហើយតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នឹង​មាន​សេរីភាព ហើយបើកចំហផងដែរ។​ អ្វីដែលលោក Yoshihide Suga ធ្វើ គឺក្នុងនាមជានាយករដ្ឋមន្រ្ដី ដែលនឹងអាចធ្វើឲ្យទំនាក់ទំនង រវាងជប៉ុន និង​វៀតណាម កាន់តែរឹងមាំថែមទៀត។

លោក Yoshihide Suga វ័យ៧១ឆ្នាំ បានក្លាយជានាយករដ្ឋមន្រ្ដីថ្មីរបស់​ជប៉ុន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ក្រោយពេលទទួល​បានការ​ទុកចិត្ត​ពីរដ្ឋសភាជប៉ុន។ លោក Suga ​ឋស៊ីនហ្ស៊ូ អាបេ  (Shinzo Abe)  ដែល​បានប្រកាសលាលែងពីតំណែង ដោយសារបញ្ហាសុខភាព។ លោក Suga ត្រូវបានគេចាត់ទុកថា ជាដៃស្ដាំរបស់លោក អាបេ ដោយលោកបំពេញ​ការងារ​ជាប្រធានលេខាធិការគណ:រដ្ឋមន្រ្ដី អស់រយ:ពេល៨ឆ្នាំកន្លង​មក​ហើយ នៅក្នុងរដ្ឋាភិបាលរបស់លោកអាបេ។

លោកស្រីសាស្រ្ដាចារ្យ បានបញ្ជាក់ថា ជប៉ុនបានបង្ហាញ​ពីការបង្កើន​ភាព​ជាអ្នកដឹកនាំ នៅក្នុងតំបន់ ដើម្បីគាំទ្រដល់ការបើកចំហដែនសមុទ្រនានា និងសេដ្ឋកិច្ច ប្រឆាំងនឹងបញ្ហាប្រឈមនានា។ ករណីនេះនឹងជំរុញឲ្យ​ជប៉ុន និងវៀតណាម ក្លាយជាដៃគូដ៏ជិតស្និទ្ធ។ ជាមួយគ្នានេះ នាយករដ្ឋមន្រ្ដីថ្មី​របស់ជប៉ុន នឹងបន្ដគាំទ្រដល់សិទ្ធិសេរីភាព នៅក្នុងការធ្វើនាវាចរណ៍ នៅក្នុងដែនសមុទ្រចិនខាងត្បូង ហើយសមុទ្រអន្ដរជាតិនានា ត្រូវតែ​បើកចំហ សម្រាប់ជប៉ុន និងវៀតណាម នាំឲ្យមានទំនាក់ទំនង រវាងកងទ័ព នៃប្រទេសទាំង២។ យុទ្ធសាស្រ្ដការទូតនេះ គាំទ្រដល់ច្បាប់អន្ដរជាតិ ដែលជាកត្ដាដ៏សំខាន់បំផុតមួយ។

ភាពតានតឹង នៅសមុទ្រចិនខាងត្បូង បានកើតឡើង ក្រោយពេល​រដ្ឋាភិបាលទីក្រុងប៉េកាំងបានអះអាង អំពីភាគច្រើន នៃដែនសមុទ្រ​ចិនខាងត្បូង ប្រហែល៨០ភាគរយ ស្ថិតក្នុងដែន​អធិបតេយ្យ​ភាព​របស់​ខ្លួន។ ការអះអាងរបស់ចិន បង្កឲ្យ​មានជម្លោះជាមួយនឹងបណ្ដាប្រទេស នៅក្នុងតំបន់អាស៊ាន រួមមាន ប៊្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀត​ណាម។ ជម្លោះសមុទ្រចិនខាងត្បូងនេះ បានរាលដាលនាំឲ្យមាន​ការប្រឈមមុខដាក់គ្នា កាន់តែខ្លាំងឡើង រវាងអាមេរិក និងចិន​។

សមុទ្រចិនខាងត្បូង​ មានទំហំ៣,៥លានគីឡូម៉ែត្រការ៉េ សម្បូរ​ទៅដោយ​ជីវ:ចម្រុះ ឧស្ម័ន ហ្គាស និងរ៉ែផ្សេង​ៗទៀត។ រីឯការធ្វើពាណិជ្ជកម្មឆ្លងកាត់​សមុទ្រចិនខាងត្បូងនេះ មានទំហំទឹកប្រាក់ រហូតដល់៣ពាន់​កោដិលាន​ដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ។ ដោយសារតែបញ្ហានេះ ទើបចិនចង់វាតទី​ត្រួតត្រា នៅលើដែនសមុទ្រចិនខាងត្បូងទាំងមូល៕