បើគិតមកដល់វេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ​២០​២០ បណ្ដាប្រទេសទាំង១០ នៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ ឬហៅកាត់ អាស៊ាន មានអ្នកឆ្លងវីរុសកូរ៉ូណា ឬកូវីដ-១៩ បន្ដកើនឡើង ៦៤០ ៣៧៩​នាក់ (ឆ្លងថ្មី៧៩៥៤នាក់) ស្លាប់ ១៥ ៦៣៩នាក់ (ស្លាប់ថ្មី១៨៤នាក់) ជា​សះ​ស្បើយ ៤៩៧ ៩៤៣នាក់ និងអ្នកកំពុងស្ថិតក្នុងការព្យាបាល ១២៦ ៧៩៧​នាក់ និងអ្នកឈឺធ្ងន់ ១ ៧៦៥នាក់។ នេះបើតាម Worldometer ។

ហ្វីលីពីន ជាប្រទេសមានអ្នកឆ្លងវីរុសដ៏កាចសាហាវនេះច្រើនជាងគេ នៅ​ក្នុងតំបន់ និងឈរលំដាប់ទី២១ នៃប្រទេសមានអ្នកឆ្លងច្រើន នៅលើ​ពិភពលោក។ ប្រទេសនេះមានអ្នកឆ្លងបន្ដកើនដល់ ២៩៦ ៧៥៥នាក់ (ឆ្លងថ្មី២១៨០នាក់) ស្លាប់ ៥ ១២៧នាក់ និងជាសះស្បើយ ២៣១ ៩២៨នាក់។

ឥណ្ឌូនេស៊ី ជាប្រទេសមានអ្នកស្លាប់ដោយកូវីដ-១៩ច្រើនជាងគេ នៅក្នុងតំបន់ ហើយប្រទេសនេះ មានអ្នកឆ្លង ២៦២ ០២២នាក់ (ឆ្លងថ្មី ៤ ៦៣៤នាក់) ស្លាប់ ១០ ១០៥នាក់ (ស្លាប់ថ្មី១២៨នាក់) និងជាសះស្បើយ ១៩១ ៨៥៣នាក់។ រីឯប្រទេសសិង្ហបុរី មានអ្នកឆ្លង ៥៧ ៦៥៤នាក់ ស្លាប់២៧នាក់ និងជាសះស្បើយ ៥៧ ៣៣៣នាក់។

ម៉ាឡេស៊ី មានអ្នកឆ្លង ១០ ៥៧៦នាក់ ស្លាប់១៣៣នាក់ និងជាសះស្បើយ ៩ ៦៦៦នាក់។ មីយ៉ាន់ម៉ា មានអ្នកឆ្លង ៨៣៤៤នាក់ (ឆ្លងថ្មី១០៥២នាក់) ស្លាប់១៥០នាក់ (ស្លាប់ថ្មី២០) និងជាសះស្បើយ ២ ៣៨១នាក់។ ថៃមានអ្នកឆ្លង ៣៥១៦នាក់ ស្លាប់៥៩នាក់ និងជាសះស្បើយ ៣ ៣៥៣នាក់។ វៀតណាម មានអ្នកឆ្លង ១ ០៦៩នាក់ ស្លាប់៣៥នាក់ និងជាសះស្បើយ ៩៩១នាក់។

ប្រទេសកម្ពុជា មានអ្នកឆ្លង ២៧៥នាក់ មិនមានអ្នកស្លាប់ តែមាន​អ្នកព្យា​បាល​ជាសះស្បើយ ២៧៤នាក់។ ប្រ៊ុយណេ មានអ្នកឆ្លង ១៤៥នាក់ ស្លាប់៣នាក់ និងជាសះស្បើយ ១៤២នាក់។ ប្រទេសឡាវ មានអ្នកឆ្លង ២៣នាក់ មិនមានអ្នកស្លាប់ តែមានអ្នកព្យាបាល ជាសះស្បើយ ២២នាក់។

សូមជម្រាបថា វីរុសកូរ៉ូណា ហៅកាត កូវីដ១៩នេះ បានផ្ទុះឡើងដំបូង នៅទីក្រុងវូហាន (ចិនអាន អ៊ូហាន) ខេត្ដហ៊ូប៉ី នាភាគកណ្ដាលប្រទេសចិន កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ ហើយរហូតមកដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅលើពិភពលោក មានអ្នកឆ្លងកើនដល់ ៣២ ៤០៧ ៩៧៣នាក់ ស្លាប់ ៩៨៧ ៦៩៧នាក់ និងជាសះស្បើយ​ ២៣ ៩២៣ ៤០៩នាក់៕