ភ្នំពេញ៖ ចាស់ស្ទាវម្នាក់ខ្លួនឯងច្រៀងបទ «ទំនួញផ្លូវលំ» មិនពីរោះ បែរជាចោទម្ចាស់ហាងថាបិទសំឡេងអេកូ ព្រោះមិនចង់ឱ្យគាត់ច្រៀងពីរោះដូចសំនៀងដើម ក៏ផ្ទុះកំហឹងបោកកែវនិងចានបែកខ្ទេចខ្ទីពេញហាងផឹកស៊ី ផ្អើលដល់ភ្ញៀវផ្សេងទៀតរត់ចេញពីក្នុងហាងអស់ទាំងមិនទាន់គិតលុយ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២៣ និង៣០នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅហាងផឹកស៊ីយីហោ ជំនោរលីលី តាមបណ្ដោយផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

បុរសជារត់តុនៅក្នុងហាងកើតហេតុ បានរៀបរាប់ថា មុនពេលកើតហេតុ បុរសជាជនបង្ក និងគ្នាប្រុសស្រីចំនួន២នាក់ទៀត បានចូលមកអង្គុយផឹកស៊ី ហើយក៏មានភ្ញៀវផ្សេងទៀតចូលមកអង្គុយផឹកស៊ីច្រៀងលេងកំសាន្តជាធម្មតា ប្រមាណ២ទៅ៣តុដែរ ។ បន្ទាប់មក បុរសជាជនបង្កក៏បានច្រៀងលេងកំសាន្តជាបន្តបន្ទាប់ចំនួន៤បទ និងផឹកស៊ីយ៉ាងសប្បាយរីករាយ រហូតស្រវឹងជោកជាំ ជនបង្កក៏បានសំណូមពរចម្រៀងមួយបទទៀត ដែលមានចំណងជើងថា ទំនួញផ្លូវលំ ។ រួចអ្នករត់តុក៏រៀបចំចម្រៀងតាមការសំណូមពរ ហើយជនបង្កក៏បានយកក្បាលមេក្រូមកច្រៀងបទទំនួញផ្លូវលំ នោះ។

តាមប្រភពដដែលបានបន្តទៀតថា ខណៈជនបង្កច្រៀងបទទំនួញផ្លូវលំ បានតែពាក់កណ្ដាល ស្រាប់តែឈប់ច្រៀង រួចបោះក្បាលមេក្រូឱ្យទៅអ្នករត់តុ ហើយបានទាញចាននិងកែវបោកទៅនឹងឥដ្ឋបែក បណ្ដាលឲ្យខ្ទាតអំបែងត្រូវភ្ញៀវដែលអង្គុយនៅតុក្បែរៗនោះ រងរបួសស្រាល ហើយជនបង្កនោះក៏ចាប់ផ្តើមស្រែកឡូឡាខឹងសម្បាថា ខ្លួនច្រៀងបទទំនួញផ្លូវលំ មិនពីរោះ ព្រោះម្ចាស់ហាងបិទសំឡេងអេកូ មិនចង់ឱ្យគាត់ច្រៀង។

ភ្លាមៗនោះ ភ្ញៀវផ្សេងៗ ភ័យខ្លាចនាំគ្នារត់ចេញពីហាងអស់ ទាំងមិនទាន់បានគិតលុយត្រឹមត្រូវផង ហើយបក្ខជនបង្កក៏នាំគ្នាគេចចេញទៅអស់ដែរ ។
ក្រោយពេលកើតហេតុ ម្ចាស់ហាងបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឱ្យ ចុះមកធ្វើការអន្តរាគមន៍ នាំជនបង្កទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ ដើម្បីធ្វើការដោះស្រាយគ្នាជាមួយនឹងម្ចាស់ហាង ៕