កាណាដា៖ កាលពីពេលថ្មីៗនេះ នារីម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីបានទទួលពាក្យបណ្ដឹងពីបុរសដែលជាអតីតសង្សាររបស់នាង ដោយបុរសរូបនោះបានត្បូញត្អែរថា នារីខាងលើបានទូរស័ព្ទមកគាត់ជិត ៣ម៉ឺនដង ក្នុងមួយសប្ដាហ៍ ស្ទើរតែធ្វើឲ្យគាត់កើតជំងឺ Depression ។

ប្រភពបានឲ្យដឹងថា នារីខាងលើមានឈ្មោះ Kelly ចំណែកអតីតមិត្តប្រុសរបស់នាងមានឈ្មោះ Randy ​។ Kelly និង Randy ទើបតែបានភ្ជាប់ទំនាក់ទំនងស្នេហាជាមួយគ្នាត្រឹមតែរយៈពេលកន្លះខែប៉ុណ្ណោះ ស្រាប់តែលោក Randy សុំបែកគ្នា ខណៈដែលនាង Kelly ប្រកែក មិនព្រមបែកគ្នាឡើយ ។

លោក Randy បាននិយាយថា នៅថ្ងៃដែលលោកសម្រេចចិត្តបែកគ្នានោះ នាងជាមិត្តស្រីបានទូរស័ព្ទមកគាត់ពេញ ២៤ ម៉ោង មិនឈប់ឡើយ ទោះជាលោកមិនព្រមទទួលទូរស័ព្ទយ៉ាងណាក៏ដោយ ។ មិនត្រឹមតែលេខ​ទូរស័ព្ទផ្ទាល់ខ្លួនរបស់លោកប៉ុណ្ណោះទេ​ ដែលនាងខលរំខាន សូម្បីតែលេខទូរស័ព្ទលើតុក្នុងផ្ទះ លេខក្រុមហ៊ុនដែលលោកធ្វើការ ក៏នាងខលមករំខានមិនឈប់ដែរ ដែលសរុបទៅរយៈពេល មួយសប្ដាហ៍បន្ទាប់ពីបែកគ្នា គឺនាងខលមករហូតដល់ទៅ ២៧.០០០ ដងឯណោះ ។

ជាមួយគ្នានេះ លោកស្រី Murphy មេធាវីការពារក្ដីរបស់លោក Randy បាននិយាយថា កូនក្ដីរបស់លោកស្រី មានអារម្មណ៍តានតឹងខ្លាំងបំផុត មិនអាចសម្រាកលំហែកាយ មិនអាចដេក និង មិនអាចធ្វើការងារអ្វីបាន ដោយសារតែការខលរំខានពីសំណាក់នារីអតីតមិត្តស្រីម្នាក់នេះឯង ។

មិនតែប៉ុណ្ណោះ ក្នុងរយៈពេលមួយសប្ដាហ៍បន្ទាប់ពីបែកគ្នា និងមានការរំខានពីនាង Kelly ផងនោះ លោក Randy បានធ្លាក់ខ្លួនស្ទើរក្លាយជាមនុស្សមានជំងឺបាក់ទឹកចិត្ត (Depression) ហើយអ្វីដែលចង់បានពេលនេះ គឺត្រូវការជំនួយពីគ្រូពេទ្យ និងធានាបានថា នាង Kelly ត្រូវតែនៅឲ្យឆ្ងាយពីលោក Randy ។

ក្រោយឃាត់ខ្លួន ចៅក្រមបានបញ្ជាឲ្យមានការវាយតម្លៃទៅលើសមត្ថភាពផ្លូវចិត្តរបស់នារីជាប់ចោទ ដើម្បីប្រាកដថា នាងអាចប្រឈមមុខនឹងសាវនាការបាន ៕
ប្រភព៖ thecoverage