ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ជាមុខសញ្ញាទម្លាក់យោងប្រចាំក្រុងតាខ្មៅ ភូមិសាស្ត្រខេត្តកណ្តាល ត្រូវកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួន នាំមកចាត់ការតាមផ្លូវច្បាប់ កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។

សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ចំណុចផ្សារតាខ្មៅចាស់ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ ក្រុមជនសង្ស័យ មានគ្នាចំនួន៤នាក់៖ ទី១-ឈ្មោះ សុខសំណាងភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ(ឃាត់ខ្លួន)។ ទី២-ឈ្មោះ ក្អៀ ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅភូមិដើមចាន់សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ភ្នំពេញ(គេចខ្លួន)។ ទី៣-ឈ្មោះ នី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដើមចាន់សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ(គេចខ្លួន)។ ទី៤-ឈ្មោះផាន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅភូមិដើមចាន់សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(គេចខ្លួន) បានធ្វើសកម្មភាពឆបោកជនរងគ្រោះ-ឈ្មោះ លីចាន់ណា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិក្បាលកោះសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ យកអស់ចិញ្ចៀនមានទម្ងន់២ជី១វង់ និងលុយខ្មែរ២៥ម៉ឺនរៀល។

ប្រភពបន្តថា លុះមកដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៧ព្រឹក ជនសង្ស័យទាំង៤នាក់ខាងលើ បាននាំគ្នាមកធ្វើសកម្មភាពម្តងទៀត នៅចំណុចផ្សារតាខ្មៅថ្មី ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ តែចំថ្ងៃស៊យ បានជួបជនរងគ្រោះ ហើយដោយជនរងគ្រោះចំណាំមុខច្បាស់ ក៏បានស្រែកថាចោរៗ ធ្វើឲ្យពួកវារត់គេចខ្លួនអស់៣នាក់ នៅសល់ តែជនសង្ស័យ ម្នាក់ឈ្មោះសុខសំណាង ត្រូវ ជនរងគ្រោះ ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ដើមមៀន ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចូលរួមធ្វើសកម្មភាពឆបោកយកចិញ្ចៀនមាសនិងលុយរបស់ជនរងគ្រោះខាងលើប្រាកដមែន ហើយធ្លាប់បានចូលរួមធ្វើសកម្មភាពជាមួយជនសង្ស័យ៣នាក់ខាងលើ ៥ដងរួចមកហើ យគឺនៅភ្នំពេញ៣ដង និងនៅក្រុងតាខ្មៅ២ដង ដោយក្នុង១ដងពួកវាឲ្យលុយគាត់ ៥ម៉ឺនរៀល។

ជនសង្ស័យ ត្រូវសមត្ថកិច្ចបញ្ជូនមកឃុំខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី។ ចំណែក បក្ខពួក៣នាក់ទៀត សមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់ខ្លួននាំមកចាត់ការតាមផ្លូវច្បាប់៕