រាជធានីបាងកក៖ វិស្វករយន្ដហោះម្នាក់ បានបើករថយន្ដបោះ​ពួយយ៉ាង​លឿន ជ្រុលចង្កូតទៅបុករបាំងដែក បណ្ដាលឲ្យស្លាប់ខ្លួនឯង កាលពី​វេលា​ម៉ោង៣រសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០  នៅតាមផ្លូវ Chalerm Maha Nakhon  ស្ថិតក្នុងខណ្ឌ ​Pathumwan ទីក្រុងបាងកក។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ​បានបើក​រថ​យន្ដ BMW 523i បោះពួយយ៉ាងលឿនតាមបណ្ដោយផ្លូវល្បឿន ​ចេញ​ពី​តំបន់ពី Chalerm Maha Nakhon ឆ្ពោះទៅកាន់ Dao Khanong ។ ប៉ុន្ដែ​ជាអកុសល រថយន្ដបើករេចង្កូតទៅបុករបាំងដែក ខ្ទាតចេញពីរថយន្ដ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម័ និងរថយន្ដខូចខាតយ៉ាងដំណំ។

លោក Patarapol Muanthom អាយុ២៨ឆ្នាំ បានឲ្យដឹងថា គាត់​បាន​ប្រាប់ប្អូនប្រុសឲ្យទៅពិនិត្យមើលការងាររកស៊ី នៅក្នុងតំបន់​ Thong Lor ក្រោយចេញពីធ្វើការ។ ប៉ុន្ដែនៅពេលគេត្រឡប់មកផ្ទះនៅ Thung Khru វិញ ស្រាប់តែប្អួនជួបនឹងគ្រោះអកុសលបែបនេះតែម្ដង។

លោកវរសេនីយ៍ Chatchai Iam-ong បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ Thitikul Muanthom អាយុ២៥ឆ្នាំ មុខរបរជាវិស្វករយន្ដហោះ។ ជនរង​គ្រោះបានស្លាប់ ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ Chulalongkorn ។ ករណីនេះ បណ្ដាលមកពីជនរងគ្រោះបើកបរក្នុងល្បឿនលឿនពេក។

ក្រោយពេលកើតហេតុ ក្រុមសង្រ្គោះ និងវេជ្ជបណ្ឌិត នៃមន្ទីរពេទ្យ Chula​longkorn បានមកកាន់កន្លែងកើតហេតុ ហើយឃើញ​សាក​សព​របស់​អ្នក​បើក​រថយន្ដ ខ្ទាតចេញក្រៅរថយន្ដ៕