ភ្នំពេញ៖ សត្វគោមួយហ្វូងប្រហែល១០ក្បាល បានរត់ឆ្លងផ្លូវពីកើតទៅលិច បណ្តាលឲ្យរថយន្តក្រុងក្រុមហ៊ុនសូរិយា ជាន់ហ្វ្រាំងមិនទាន់ ក៏បុកចំគោញីមួយក្បាល បណ្តាលឲ្យខ្ទាតងាប់ភ្លាមៗ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្បែរខ្លោងទ្វារវត្តអង្គត្រគៀត ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល ។

មុនពេលកើតហេតុ រថយន្តក្រុងរបស់ក្រុមហ៊ុនភ្នំពេញ សូរិយា ដឹកជញ្ជូនអ្នកដំណើរ 168 ពណ៌ក្រហមលាយស ពាក់ផ្លាកលេខ ភ្នំពេញ 3E-9601 កំពុងដឹកអ្នកដំណើរក្នុងទិសដៅពីជើងទៅត្បូង ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានសត្វគោមួយហ្វូងប្រហែលជា១០ក្បាល បានរត់ឆ្លងផ្លូវពីកើតទៅលិច បណ្តាលឲ្យរថយន្តជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលចង្កូតទៅបុកគោញីមួយក្បាលពណ៌ស បណ្តាលឲ្យខ្ទាតងាប់ភ្លាមៗ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុ និងទាក់ទងតាមបណ្តាភូមិក្បែរៗនោះ ដើម្បីស្វែងរកម្ចាស់គោឲ្យមកដោះស្រាយជាមួយខាងរថយន្តដែរ តែមិនដឹងថារកឃើញឬអត់នោះទេ ៕