ក្រុមហ៊ុន Huawei និយាយថាការដាក់ទណ្ឌកម្មចុងក្រោយរបស់សហរដ្ឋអាមេរិកទៅលើក្រុមហ៊ុនទូរគមនាគមន៍យក្សប្រទេសចិន នឹងគំរាមដល់ខ្សែសង្វាក់ផ្គត់ផ្គង់អេឡិចត្រូនិកពិភពលោក។ ក្រុមហ៊ុនកំពុងជំរុញឱ្យសហរដ្ឋអាមេរិកពិចារណាឡើងវិញអំពីការផ្លាស់ប្តូរនេះ។

លោក Guo Ping ប្រធានក្រុមហ៊ុនប្តូរវេននៃ Huawei បាននិយាយថាការរឹតបន្តឹងដែលមានស្រាប់បាននាំមកនូវបញ្ហាប្រឈមជាច្រើនចំពោះការផលិតស្មាតហ្វូនរបស់ក្រុមហ៊ុន។ រដ្ឋាភិបាលសហរដ្ឋអាមេរិក ចាត់ទុកក្រុមហ៊ុន Huawei ថាជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់ប្រទេស។

ក្រសួងពាណិជ្ជកម្មរបស់ប្រទេសនេះបានដាក់បំរាមថ្មីកាលពីថ្ងៃទី ១៥ ខែកញ្ញា។ វិធានការនេះបានរារាំងការលក់បន្ទះឈីប ដែលផលិតដោយប្រើបច្ចេកវិទ្យាអាមេរិក ដល់ក្រុមហ៊ុនចិន។

លោក Guo និយាយថាការរំខានដល់បណ្តាញផ្គត់ផ្គង់សកលនឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ មិនត្រឹមតែចំពោះក្រុមហ៊ុន Huawei ប៉ុណ្ណោះទេ ប៉ុន្តែដល់ក្រុមហ៊ុននានានៅក្នុងប្រទេសដទៃទៀត។ លោកក៏បានបង្ហាញផងដែរថាក្រុមហ៊ុនផលិតបន្ទះឈីប នៅសហរដ្ឋអាមេរិកកំពុងដាក់ពាក្យសុំអាជ្ញាប័ណ្ណដែលនឹងអនុញ្ញាតឱ្យពួកគេដឹកជញ្ជូនផលិតផលរបស់ពួកគេទៅក្រុមហ៊ុន Huawei ។ លោកបន្តថាក្រុមហ៊ុនមានឆន្ទៈប្រើប្រាស់បន្ទះឈីបទាំងនោះ។