ការិយាល័យអន្តោប្រវេសន៍ប្រទេសថៃ បានចេញការព្រមានយ៉ាងធ្ងន់ធ្ងរមួយដែលភ្ញៀវទេសចរបរទេស ស្នាក់នៅហួសពេលវេលាហើយមិនបានបន្តទិដ្ឋាការ នឹងត្រូវប្រឈមនឹងការផាកពិន័យនិងត្រូវជាប់ពន្ធនាគារ។

ប៉ូលីសបានព្រមានថា ជនបរទេសត្រូវមានទិដ្ឋាការទេសចរណ៍ថ្មីឡើងវិញនៅត្រឹមថ្ងៃទី ២៦ ខែកញ្ញា បើមិនដូច្នេះទេប្រឈមនឹងការចោទប្រកាន់ពីបទហួសពេលកំណត់។

លោក Pakpong Sai-ubol អ្នកនាំពាក្យការិយាល័យអន្តោប្រវេសន៍ បាននិយាយថា បច្ចុប្បន្នមានជនជាតិបរទេសជាង ១៥ ម៉ឺននាក់ដែលបានស្នាក់នៅហួសទិដ្ឋាការនៅប្រទេសថៃដោយលើកឡើងពីអសមត្ថភាពក្នុងការវិលត្រឡប់ទៅស្រុកកំណើតវិញដោយសារការរឹតត្បិតការធ្វើដំណើរតាមអាកាសនិងការរាតត្បាតមេរោគនៅឯស្រុកកំណើតរបស់ពួកគេ។

លោក Pakpong បាននិយាយថា ទិដ្ឋាការទេសចរណ៍ហួសកំណត់គឺត្រូវផ្តន្ទាទោសទាំងការដាក់ពន្ធនាគារនិងការផាកពិន័យ ក្រោមច្បាប់អន្តោប្រវេសន៍ ហើយ ជនល្មើសនឹងត្រូវនិរទេសទៅប្រទេសដើមវិញ។

យោងតាមច្បាប់អន្តោប្រវេសន៍ថៃ បានចែងថា ជនណាដែលបានហួសទិដ្ឋាការលើសពី ៩០ ថ្ងៃ ត្រូវបានហាមឃាត់មិនឱ្យចូលប្រទេសវិញក្នុងរយៈពេលមួយឆ្នាំ។ បញ្ជីខ្មៅមានរយៈពេលរហូតដល់មួយជីវិតប្រសិនបើរយៈពេលស្នាក់នៅលើសពី ១០ ឆ្នាំ។

លោក Pakpong បាននិយាយថា ជនអន្តោប្រវេសន៍ថៃបានពន្យារទិដ្ឋាការរបស់ភ្ញៀវទេសចរបរទេសដោយឥតគិតថ្លៃជាច្រើនដងរួចទៅហើយដោយសារតែការចាប់ផ្តើមនៃការរាតត្បាតជម្ងឺកូវីត- ១៩ ចាប់តាំងពីចុងខែមីនា នៅពេលជើងហោះហើរអន្តរជាតិត្រូវបានផ្អាក។

លោកនិយាយថា ការិយាល័យជនអន្តោប្រវេសន៍មានចិត្តសប្បុរសក្នុងការផ្តល់ការតបស្នងដល់ទេសចរបរទេសដោយពន្យារពេលទិដ្ឋាការ ទោះយ៉ាងណារយៈពេលអនុគ្រោះនឹងបញ្ចប់នៅថ្ងៃសៅរ៍នេះ។

លោកបាននិយាយថាការខកខានមិនបានរាយការណ៍ដើម្បីទទួលបានការបន្តទិដ្ឋាការនៅថ្ងៃផុតកំណត់នឹងត្រូវពិន័យជារៀងរាល់ថ្ងៃនិងនាំឱ្យអាជ្ញាធរតាមដានភ្ញៀវទេសចរនៅអាសយដ្ឋានដែលរក្សាទុកនៅក្នុងមូលដ្ឋានទិន្នន័យនៃការិយាល័យអន្តោប្រវេសន៍។