បរទេស៖ ស្រ្ដីជនជាតិថៃម្នាក់ បានសម្រេចចិត្តប្រើកាំភ្លើងបាញ់សម្លាប់ប្ដីរបស់ខ្លួន ដោយសារតែបុរសជាប្ដីតែងតែផឹកស្រវឹងរករឿងនាងឥតល្ហែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ Nationthailand កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។

សាកសពរបស់បុរសជាប្ដីដែលជាជនរងគ្រោះមានឈ្មោះ ចារឿក ប៊ូផា​ អាយុ៤៣ឆ្នាំ​ ត្រូវបានអ្នកជិតខាងប្រទះឃើញនៅខាងក្រៅផ្ទះរបស់ពួកគេ ដោយសាកសពរងរបួសដោយគ្រាប់កាំភ្លើងចំនួន៥គ្រាប់ នៅផ្នែកខាងក្រោយចំនួន៤គ្រាប់ និងមួយគ្រាប់នៅត្រង់ពោះ។

យោងតាមរបាយការណ៌របស់ប៉ូលីសបានបង្ហាញឲ្យដឹងថា ស្រ្ដីដែលជាប្រពន្ធមានឈ្មោះ Julalak Longlalerng អាយុ៣៣ឆ្នាំ ក្រោយពេលដែលនាងបានបាញ់សម្លាប់ប្ដីរួច ភ្លាមៗនោះនាងក៏បានរត់គេចខ្លួន ដោយបាននាំយកកូនអាយុ១១ខែ ទៅជាមួយបាត់ស្រមោលឈឹង។

តាមការស៊ើបអង្កេតដំបូងរបស់ប៉ូលីសបានបង្ហាញថា ចរិតរបស់បុរសជាប្ដី គឺជាមនុស្សប្រមឹកហើយតែងតែឈ្លោះប្រកែកជាមួយប្រពន្ធរបស់គាត់។ ដោយកាលពីថ្ងៃពុធ គាត់ទើបតែមកពីផឹកស្រា មានភាពឆេវឆាវជាងធម្មតា ហើយបានវាយបំបែកទ្វារ និងកញ្ចក់បង្អួច មិនត្រឹមតែប៉ុណ្ណោះក៏បានរករឿងប្រពន្ធគាត់ ធ្វើឲ្យនាងអត់ទ្រាំមិនបានក៏ដកកាំភ្លើងបាញ់ប្រហារយកជីវិតតែម្ដងទៅ។

បច្ចុប្បន្ននេះប៉ូលីសបាន នឹងកំពុងស្វះស្វែងរកនារីជាប្រពន្ធ ដើម្បីយកមកសាកសួរព័ត៌មានបន្ថែម ព្រមទាំងត្រូវនាំខ្លួននាងយកមកកាត់ទោសតាមច្បាប់ទៀតផង ៕