រាជធានីបាងកក៖ ក្រោយពេលប្រទេសមីយ៉ាន់ម៉ា (ភូមា) មានអ្នកឆ្លងថ្មី នៃ​វីរុស​កូរ៉ូណា ហៅកាត់ កូវីដ-១៩ (Coronavirus Disease 2019) ក្នុង​១ថ្ងៃ ​ចំនួន៥៩២នាក់ ​អាជ្ញាធរថៃកាន់តែបង្កើនការរឹតបន្ដឹង នៅតាមព្រំដែន ជាពិសេស តំបន់ប្រជុំជន នានាជាប់នឹងព្រំដែនប្រទេសថៃ។

នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសថៃ ហៅកាត់ DDC បានឲ្យ​ដឹង​ថា ក្រោយពេលប្រទេសភូមា​មានការរាតត្បាត ដោយសារកូវីដ១៩​កាន់​តែ​ច្រើន អាជ្ញាធរថៃបង្កើនការយកចិត្តទុកដាក់កាន់តែខ្លាំងឡើង​លើបញ្ហានេះ ជា​ពិសេស បណ្ដាទីប្រជុំជននានារបស់មីយ៉ាន់ម៉ា ដែល​ព្រំដែន​ជាប់​ជា​មួយ​នឹង​ប្រទេសថៃ។ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា មានករណីឆ្លងថ្មី នៃវីរុសកូរ៉ូណា ចំនួន ៥៩២នាក់។​

លោកវេជ្ជបណ្ឌិត Suwannachai Wattanayingcharoenchai អគ្គ​នាយក នៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង (DDC) បានថ្លែងថា ស្ថានភាព​ជំងឺ​កូរ៉ូណា នៅក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងតែធ្ងន់ធ្ងរបំផុត។ ដោយសារ​បញ្ហា​នេះ ទើបថៅកែជាច្រើនក៏ឈប់ជួលកម្មករ ដើម្បីរារាំង​ដល់រលកកូវីដ​១៩​លើកទី២ ឆ្លងចូលកក្នុងប្រទេសថៃ។

លោកវេជ្ជបណ្ឌិត បានបន្ថែមថា រហូតមកដល់ពេលនេះ ​ប្រទេសមីយ៉ាន់ម៉ា មានចំនួនអ្នកឆ្លងកូវីដ១៩យ៉ាងច្រើន ដោយឆ្លងថ្មី ក្នុង១ថ្ងៃ ជិត៦០០នាក់ ខណ:ប្រទេសឥណ្ឌា មានអ្នកឆ្លងថ្មី ជិត១សែននាក់ ក្នុង១ថ្ងៃ។ ការឆ្លង​កូវីដ​១៩ នៅក្នុងប្រទេសជិតខាងរបស់ថៃ គឺគួរឲ្យព្រួយបារម្ភបំផុត។ រីឯ​រដ្ឋាភិបាលមីយ៉ាន់ម៉ា ក៏បានប្រកាសបិទទីក្រុងយ៉ាងហ្គូន (អតីតរដ្ឋធានី​ប្រទេស​មីយ៉ាន់ម៉ា)។

បើតាមគេហទំព័រ​ Worldometer ផ្សាយ នៅរសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ថា ប្រទេសថៃ មានអ្នកឆ្លងកូវីដ១៩ ចំនួន ៣ ៥១៦នាក់ ស្លាប់​៥៩នាក់ និងជាសះស្បើយ ៣ ៣៥៣នាក់។ រីឯប្រទេសមីយ៉ាន់ម៉ា មាន​អ្នកឆ្លង ៧ ៨២៧នាក់  ស្លាប់ ១៣៣នាក់ និងជាសះស្បើយ ២ ០៨៥​នាក់៕