រដ្ឋធានីហាណូយ៖ ស្រ្ដីជនជាតិវៀតណាមម្នាក់ ត្រូវបានអ្នកជិតខាង បញ្ឆោត​ទៅកាន់​ប្រទេសចិន ហើយ​បង្ខំឲ្យលក់ខ្លួន និងបញ្ជូន​មក​កាន់​ប្រទេសកំណើត ដើរអូសទាញ​នារីវៀតណាមចំនួន៦នាក់ ទៅបង្ខំឲ្យធ្វើ​ជាស្រីពេស្យា នៅក្នុងប្រទេសចិន ក៏ត្រូវបានតុលាការ សម្រេច​ផ្ដន្ទាទោស ដាក់​ពន្ធនាគារ រយ:ពេល៦ឆ្នាំ។

សារព័ត៌មានវៀតណាម VnExpress បានផ្សាយថា ជនជាប់ចោទ ឈ្មោះ Vo Thi Quyen ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅក្រុង​ Song Doc ស្ថិត​នៅ​តាមដី​សណ្ដមេគង្គ នៃខេត្ត​ Ca Mau ។ ស្រ្ដីរូបនេះត្រូវបានតុលាការខេត្ដ Ca Mau ចោទប្រកាន់ពីការជួញដូរមនុស្ស ដោយនាំស្រ្ដីជន​ជាតិវៀត​ណាម ចំនួន៦នាក់ ទៅកាន់ប្រទេសចិន ដើម្បីបង្ខំឲ្យពួកនាង​ទៅធ្វើ​ជា​ស្រី​ពេស្យា នៅទីនោះ។

ប្រភពព័ត៌មានដដែល បានបន្ដថា ជនជាប់ចោទ ក៏ជាជនរងគ្រោះផងដែរ ព្រោះនាងត្រូវបានបុរសម្នាក់ជាអ្នក​ជិតខាងបោក​បញ្ឆោត នាំទៅលក់  និងបង្ខំឲ្យធ្វើជាស្រ្ដីរកស៊ីផ្លូវភេទ នៅក្នុងខេត្តយុនណាន ប្រទេសចិន កាលពីអំឡុងឆ្នាំ២០០២។ ​លុះក្រោយមក បុរសវៀតណាមម្នាក់នោះក៏បានបញ្ជូននាងឲ្យមកកាន់ប្រទេសកំណើតវិញ ហើយដើរអូសទាញស្រ្ដីវៀតណាម នាំទៅកាន់ប្រទេសចិន ដើម្បីបង្ខំឲ្យលក់ខ្លួន។ ប៉ុន្ដែទីបំផុត នាងក្លាយជាអ្នកទោស ជាប់គុកច្រវាក់ ដោយសារការដើរអូសទាញនារីវៀតណាម នាំទៅលក់ខ្លួន នៅក្នុងប្រទេស​ចិន៕