រាជ​ធានី​បាងកក៖ ទារក​ម្នាក់​ទើប​នឹង​កើត​បាន៧​ថ្ងៃ ត្រូវ​គេយកមកប្លុងចោល នៅលើ​បង់​ទី​សាធារណ: នៅសង្កាត់ Patong ស្រុក Kathu ខេត្ត Phuket ប្រទេស​ថៃ បង្ក​ឲ្យភ្ញាក់​ផ្អើល​ឡើង កាលពីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។

ស្រ្ដីដែល​ឃើញ​ទារក (ក្មេងប្រុស) នេះ ឈ្មោះ Ratchanee Berit អាយុ​៦៨​ឆ្នាំ បាន​ឲ្យដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​រត់​ហាត់​ប្រាណ នៅ​តា​មឆ្នេរ​ក្នុងតំបន់​ខាងលើ ហើយឮ​ក្មេងស្រែកយំ ទើបគាត់ឈប់រកមើល។ បន្ទាប់មក គាត់បានដើររក ក៏ឃើញថង់ខ្មៅមួយ ហើយឃើញមានទារក ទើបនឹងកើតបាន រយ:ពេល៧ថ្ងៃ ត្រូវគេច្រកដាក់ក្នុងថង់នោះ។ ឃើញបែបនេះ គាត់បានទាក់ទងទៅប៉ូលិស។

លោក​វរ​សេនីយ៍​ទោ Sarit Butnong​saeng នាយ​រង​ប៉ូលិស Patong បាន​ថ្លែងថា ទារក​នេះត្រូវបានគេរុំនឹងកន្សែងពណ៌ផ្កាឈូក ដាក់នៅខាងក្នុងថង់ខ្មៅមួយ ហើយយក​មក​ប្លុង​​ចោល​ ដាក់នៅលើកៅអីឈើ នៅទីសាធារណ: ​ក្រោមដើមឈើមួយ នៅខាងក្រោយ​សាខា​ផាតុង នៃធនាគារក្រុងថៃ។ នៅក្នុងថង់នេះ ក៏មានក្រាសជួតមាត់ ដបទឹកដោះគោ និងសម្ភារ​មួយចំនួនទៀត។

ប៉ូលិសសង្កាត់ Patong បានឲ្យដឹងថា ក្រោយពេលប្រទះឃើញទារកនោះមក សមត្ថកិច្ច​បានសុំជំនួយពីគិលានុប្បដ្ឋាយិកាឲ្យមកយកទារក បញ្ជូនទៅកាន់មន្ទីរពេទ្យ Patong  ដោយមានប៉ូលិសទៅជាមួយផងដែរ។ ប៉ុន្ដែបើតាមការពិនិត្យមើលក្នុងកាមេរ៉ាសុវត្ថិភាព ឃើញថា កាលពីវេលាម៉ោង៥ និង៣៩នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា មានស្រ្ដីវ័យក្មេងម្នាក់ មានកម្ពស់ប្រហែល ១,៥០ម៉ែត្រ ស្លៀកពាក់សំពត់ខ្លី និងពាក់អាវយឺតពណ៌ស កាន់ថង់ពណ៌ខ្មៅមកប្លុងចោល នៅទីនោះ។ រីឯប៉ូលិសក៏បានឲ្យមន្ទីរពេទ្យ​ពិនិត្យមើលអំពីចំនួននាក់ ទើបនឹង​សម្រាលកូន កាលពីថ្មីៗនេះផងដែរ៕