បុរសវ័យចំណាស់ម្នាក់ មានអាយុជិតដល់ថ្ងៃចូលរណ្ដៅទៅហើយ មិនព្រមរក្សាធម៌អាថ៌ ធ្វើ​ឲ្យ​ខ្លួនក្លាយជាមនុស្សគំរូដល់ក្មេងជំនាន់ក្រោយ យកតម្រាប់តាម តែផ្ទុយទៅវិញ បែរជា​ទុកឲ្យ​តណ្ហា​ដឹកមុខ លបចាប់ក្មេងស្រីអាយុ៤ឆ្នាំរំលោភសេពសន្ថវ: តែអស់លក្ខណ៍ ត្រូវ​សមត្ថ​កិច្ច​ចាប់ខ្លួន នៅតាមផ្លូវ នៅក្នុងស្រុក Muang ខេត្ត Kanchanaburi ប្រទេសថៃ។

ប្រភពព័ត៌មាន បានឲ្យដឹងថា ជនជាប់ចោទ ឈ្មោះ Chu Phanpha អាយុ៦៩ឆ្នាំ។ រីឯ​ការ​ចាប់ខ្លួនជនជាប់ចោទខាងលើនេះ គឺប៉ូលិសធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន ចេញ​ដោយ​តុលាការ​ខេត្ត Nakhon Phano។

បើតាមមន្រ្ដីប៉ូលិស បានឲ្យដឹងថា ជនជាប់ចោទ ឈ្មោះ Chu Phanpha និង​ប្រពន្ធ​របស់​គាត់ បានយកក្មេងស្រីរងគ្រោះមកចិញ្ចឹម ចាប់តាំងពីនាងនៅជាទារកមកម៉្លេះ។ លុះពេល​នាង​មានអាយុ៤ឆ្នាំ ក៏ចាប់រំលោភសេពសន្ថវ: ខណ:នាងដេកនៅក្នុងបន្ទប់របស់នាង។ ប៉ុន្ដែប្ដី​បាន​ហាមក្មេងស្រីនោះ មិនឲ្យប្រាប់រឿងអាស្រូវដល់អ្នកដទៃ។ លុះព្រឹកឡើង ប្រពន្ធ​របស់​ជនសង័្សយបាននាំក្មេងស្រីរងគ្រោះទៅងូតទឹក ក៏មាន​ឃើញ​ការដាច់​ស្នាម​លើ​ប្រដាប់​ភេទ​របស់ក្មេងស្រីរងគ្រោះ។

ប្រភពព័ត៌មានដដែល បានបន្ដថា បន្ទាប់ឃើញអាការបែបនេះ ប្រពន្ធ​របស់​ជន​សង័្សយ​បាន​សួរ​ទៅប្ដីរបស់គាត់ថា តើលោកប្ដីបានធ្វើអ្វីដល់នាង។ លុះក្រោយមក គាត់​បាន​លួង​ក្មេង​ស្រី​រង​គ្រោះ ហើយសួរនាំ ទើបនាងព្រមប្រាប់។ នៅពេលដឹងការពិតហើយ ប្រពន្ធ​របស់​ជន​សង័្សយ​ក៏បាន​ប្ដឹង​ទៅ​សមត្ថកិច្ចឲ្យចាប់ខ្លួនប្ដីកំហូចនោះ នាំយកទៅដាក់គុកតែម្ដង៕