ភ្នំពេញ៖ពិធីករ ជា វិបុល បានធ្វើពិធីសាងផ្នួសជាព្រះសង្ឃ កាលពីរសៀលថ្ងៃ២១ ខែកញ្ញា ឆ្នាំ២០២០ នៅវត្តនិគ្រោធវ័ន ហៅគល់ទទឹង ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។ ការសាងផ្នួសនេះ មានមហាជនខ្លះថា លោកជា វិបុល សាងផ្នួសព្រោះស្នេហ៍ តែអ្នកនាង គង់ សុជាតិ ជាភរិយា បញ្ជាក់ថា បួសដើម្បីសងគុណម្តាយឪពុកតើ!។

អ្នកនាង គង់ សុជាតិ បានបង្ហោះសាររៀបរាប់ថា៖ «សូមអោយសទ្ធាបុណ្យនៃការបួសរបស់លោកបង បានជាផលបុណ្យអោយបានជាកុសលដ៏ថ្លាថ្លៃ និងបានជាការលើកស្ទួយព្រះពុទ្ធសាសនា។ លោកបង ជា វិបុល បានសុំច្បាប់ការងាររួចរាល់ ។ នេះជាបំណងដែលលោកបងបុល ចង់បំពេញយូរមកហើយ ទើបតែមានពេល។

អ្នកនាង គង់ សុជាតិ បញ្ជាក់ថា ស្វាមីអ្នកនាងបួសលាបំណន់ និងដើម្បីសងគុណដល់ឳពុកម្ដាយ តែបួសមិនយូរទេ ដោយសារតែលោក ជា វិបុល មានការងារច្រើន និងគ្រាន់តែចង់បួសរយៈពេលខ្លីភ្ជាប់និស្ស័យ និងលើកស្ទួយព្រះពុទ្ធសាសនាប៉ុណ្ណោះ។ ក្រៅពីស្វាមី ក៏មានប្អូនប្រុសរបស់អ្នកនាងម្នាក់ បានបួសជាមួយគ្នានេះដែរ។

តែការសាងផ្នួសនេះ មានមហាជនខ្លះថា លោកជា វិបុល សាងផ្នួសព្រោះដើម្បីឱ្យជ្រះស្រឡះរឿងរ៉ាវស្នេហាអាស្រូវពីមុន ជាមួយពិធីការិនីដៃគូពីមុន គឺ អ្នកនាងកែវ ចាន់និមល ។

កាលពីដើមឆ្នាំ២០២០ រឿងរ៉ាវស្នេហាពិធីករជា វិបុល និងដៃគូ ពិធីការិនីអ្នកនាងកែវ ចាន់និមល បានផ្ទុះរឿងអាស្រូវស្នេហាលួចលាក់ រហូតធ្វើឱ្យអ្នកនាងគង់ សុជាតិ ជាភរិយាកើតទុក្ខរីងរៃធ្លាក់ខ្លួនឈឺ និងស្វែងរកអន្តរាគមន៍ពីថ្នាក់ដឹកនាំទូរទស្សន៍ហង្សមាស ឲ្យជួយបំបែកលោកជា វិបុល និងអ្នកនាងកែវ ចាន់និមល មិនឱ្យធ្វើពិធីករ ពិធីការិនីជាមួយគ្នាទៀត រហូតដល់សព្វថ្ងៃ៕