ខេត្តកំពត៖ កាលពីវេលាម៉ោង៧និង៤៥នាទី យប់ថ្ងៃទី២១ ខែកញ្ញា មានករណីរន្ទះបាញ់ បានកើតឡើងចំផ្ទះកសិករមួយ ស្ថិតនៅភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ បណ្តាលឱ្យបុរសជាមេគ្រួសារស្លាប់នៅនឹងកន្លែងភ្លាមៗ ជាមួយគ្នានេះ គោបីក្បាល របស់ជនរងគ្រោះក៏បានងាប់ក្នុងហេតុការណ៍នោះផងដែរ។

យោងតាមរបាយការណ៌របស់សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគឺស្របពេលមេឃកំពុងធ្លាក់ភ្លៀង ជនរងគ្រោះបានចុះពីលើផ្ទះយកស្មៅទៅដាក់ឱ្យគោស៊ីក្នុងក្រោល ស្រាប់តែមានបាតុភូតរន្ទះបាញ់បែបនោះតែម្តង។

បុរសរងគ្រោះ ក្នុងហេតុការណ៍នេះ ឈ្មោះ ហាវ ជឿន អាយុ៤១ឆ្នាំ មានទីលំនៅ ក្នុងភូមិឃុំ កើតហេតុខាងលើ។

ក្រោយពេលអាជ្ញាធរបានចុះទៅដល់កន្លែងកើតហេតុរួចក៏បានពិនិត្យសរសេររបាយការណ៌ ធ្វើកោសល្យវិច្ច័យក៏បានរកឃើញថា បុរសនោះពិតជាបានស្លាប់ដោយរន្ទះបាញ់មែន រួចក៏បានចាត់ចែងរៀបចំសពឲ្យទៅក្រុមគ្រួសារជនរងគ្រោះដើម្បីចាត់ចែងធ្វើបុណ្យសពតាមប្រពៃណី ៕