បរទេស៖ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះ សារព័ត៌មានរបស់ South China Morning Post បានរាយការណ៍ថា តារាចំរៀង និងជាតារាសម្តែងប្រុសដែលមានឈ្មោះល្បីរបស់តៃវ៉ាន់ គឺលោក alien Huang ត្រូវបានប្រទះឃើញស្លាប់ក្នុងផ្ទះរបស់លោក បន្ទាប់ពីមានដំណឹងថា លោកបានជួបគ្រោះថ្នាក់ចៃដន្យមួយ កាលពីពេលថ្មីៗនេះ ។

ទោះជាយ៉ាងណា ការស្លាប់របស់តារាល្បីឈ្មោះខាងលើនេះ ត្រូវបានគេចាត់ទុកថា ជាតារាអាស៊ីទី៣ហើយ ដេលបានបាត់បង់ជីវិតនៅក្នុងសប្តាហ៍នេះ។ តារាប្រុសរូបនេះ ធ្លាប់បានចូលរួមសម្តែងក្នុងរឿង “១០០% Entertainment” ជាមួយតារាចម្រៀង Show Lo ត្រូវបានឪពុករបស់លោកប្រទះឃើញស្លាប់ កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ នៅក្រៅបន្ទប់ទឹកក្នុងផ្ទះរបស់លោក ជាមួយស្នាមរបួសត្រង់ក្បាលផងដែរ ហើយត្រូវបានសារព័ត៌មានក្នុងស្រុក បានធ្វើការសន្និដ្ឋានថា តារាប្រុសរូបនេះ បានស្លាប់ដោយសារតែរអិលដួល ពេលចេញពីបន្ទប់ទឹក ។

យោងទៅលើរបាយការណ៍បានឲ្យដឹងថា តាមរយៈកាម៉េរ៉ាសុវត្ថិភាព គេបានឃើញតារាប្រុសរូបនេះ ត្រលប់មកផ្ទះវិញ នៅវេលាម៉ោង៧និង១៥នាទីល្ងាច ហើយលោកមិនបានចាកចេញទៅណាទៀតនោះទេ ហើយខណៈពេលដែលឪពុករបស់លោកបានត្រលប់មកផ្ទះវិញ នៅម៉ោង១១ព្រឹក ថ្ងៃពុធ ទី១៦ កញ្ញានោះ ក៏ស្រាប់តែប្រទះឃើញសពកូនប្រុសរបស់ខ្លួន ដេកស្លាប់បាត់ទៅហើយ ។

គួររំលឹកផងដែរថា តារាតៃវ៉ាន់ លោក Alien Huang ដែលមានវ័យ៣៦ឆ្នាំ ត្រូវបានគេដឹងថា ជាសិល្បករអាស៉ីទី៣ហើយ ដែលបានស្លាប់ក្នុងសប្តាហ៍នេះ បន្ទាប់ពីការស្លាប់របស់តារាស្រីជប៉ុន Ahina Sei នៅថ្ងៃច័ន្ទសប្តាហ៍នេះ និងតារាកូរ៉េ Oh In-Hye នៅប៉ុន្មានថ្ងៃមុននេះ៕

ប្រភព៖ South China Morning Post