ខេត្តក្រចេះ៖ ប្រជាពលរដ្ឋចំនួនបីគ្រួសារត្រូវបានក្រុមចោរលួចគាស់ផ្ទះយកទ្រព្យសម្បត្តិនិងលុយកាក់អស់ជាច្រើនរកមុខសញ្ញាមិនទាន់ឃើញនៅឡើយ។

មានករណីចោរលួចគាស់ផ្ទះនោះបានកើតឡើងនៅវេលាម៉ោងប្រហែល៣៖១៥នាទីទៀបភ្លឺឈានចូលថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២០នៅចំណុចមុខបន្ទាយកងទ័ពគមួយខាងជើងស្ពានអូរកណ្តៀ ចម្ងាយប្រហែល១៥០ម៉ែត្រស្ថិតក្នុងភូមិអូរកណ្ដៀពីរឃុំអូរគ្រៀងស្រុកសំបូរ ខេត្តក្រចេះ។

តាមប្រភពបានឱ្យដឹងថាប្រជាពលរដ្ឋរងគ្រោះចំនួនបីផ្ទះបីគ្រួសារពីរផ្ទះជាប់គ្នានិងរំលងគ្នាមួយផ្ទះ។

ប្រភពពីជនរងគ្រោះបានឱ្យដឹងថានៅពេលពួកគាត់ភ្ញាក់ពីដំណេកទើបដឹងថាផ្ទះរបស់ពួកគាត់ត្រូវមានក្រុមចោរចូលមកដាក់ថ្នាំសន្លប់ស្តូកស្តឹងគ្រប់ៗគ្នាមិនដឹងខ្លួនហើយគាស់យកទ្រព្យសម្បត្តិអស់ពីក្នុងផ្ទះ។

ផ្ទះជនរងគ្រោះរួមមាន៖

ទី​០១.លោក ប្រាក់​ ខ្លូ​ ជាយោធាមេ គ០២ បាត់ប្រាក់ចំនួន០៨លានរៀលនិងប្រាក់នៅក្នុងកូនជ្រូកមួយចំនួនថែមទាំងទូរស័ព្ទដៃ ចំនួន០២គ្រឿងទៀតផងដែរ។

ទី០២.ឈ្មោះ ផុន ថូ បាត់ប្រាក់ចំនួច០២លានរៀលទូរស័ព្ទដៃមួយគ្រឿងកាតទូរស័ព្ទចំនួន១០០សន្លឹក។

និងទី០៣. ឈ្មោះ ហុង បាត់អស់ប្រាក់ចំនួន០៥លានរៀលនិងមាសចំនួន០១ជី។

បើតាមការរៀបរាប់ពីម្ចាស់ផ្ទះហេតុការណ៍នេះបានកើតឡើងដោយសារក្រុមចោរដាក់ថ្នាំសណ្តំទើបពួកគាត់លង់លក់ក្នុងដំណេកដល់ថ្នាក់គេគាស់ផ្ទះយកទ្រព្យសម្បត្តិអស់មិនដឹងគ្រប់ៗគ្នាបែបនេះ។

ក្រោយមានហេតុការណ៍នោះកើតឡើងគេឃើញមានសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យធ្វើកំណត់ហេតុទ្រួសៗផងដែរតែហាក់គ្មានពន្លឺជាមុខសញ្ញាខ្លះនោះទេ៕