កំពង់ឆ្នាំង៖ បុរស២នាក់ ចាញ់សម្រស់ស្រីក្មេង២រូប បបួលនាងៗចូលហាងផឹកស៊ី ចុងក្រោយត្រូវថ្នាំសណ្តំ ក្នុងកែវស្រាសន្លប់បាត់ស្មារតី រួចដោះចិញ្ជៀនមួយវង់ មានទម្ងន់ ៥ជី និងប្រាក់ ៤០ម៉ឺនរៀល ចែកជើងគ្នារត់បាត់ស្រមោល។

ករណីបុរសអ្នករត់ផាស្អាប់ ២នាក់ ត្រូវស្រ្តីឆបោក២នាក់ បានដាក់ថ្នាំងងុយដេក ក្នុងហាងលក់គ្រឿងក្លែម យីហោចំណូលថ្មី ចំណុចមុខផ្សារទើបសង់ថ្មី ចុងកោះ ស្ថិតក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ។ បុរសរងគ្រោះទាំង ២នាក់ មិនត្រូវបានស្គាល់ឈ្មោះទេ

មុនពេលកើតហេតុជនរងគ្រោះទាំង២នាក់ បានធ្លាក់ក្នុងអន្លង់ស្នេហ៍ស្រីស្អាត ២រូប ហើយក៏ចរចាផ្អែមល្ហែមអូនបងមិនដាច់ពីមាត់ រួចបុរសទាំង ២នាក់ ក៏បានបបួលនាងៗ ទៅផឹកស៊ីបង្កើនស្នេហ៍ឲ្យកាន់តែស្អិតរមួតបន្ថែម នៅត្រង់ចំណុចទីតាំងកើតហេតុនេះ ផឹកស្រាបៀរអស់ច្រើនកំប៉ុង មើលមុខអូនៗកាន់តែស្រស់ស្អាតថែមឡើងមួយកម្រិតទៀត រហូតនាងៗ ដាក់សណ្ដំក្នុងកែវស្រាសន្លប់បាត់ស្មារតី រួចដោះចិញ្ជៀនមួយវង់ មានទម្ងន់ ៥ជី និងប្រាក់ ៤០ម៉ឺនរៀល ចែកជើងគ្នារត់បាត់ស្រមោលតែម្ដង។

លុះងងឹតស្រាងៗម៉ោងប្រហែល ៦ល្ងាច ទើបដឹងខ្លួនម្នាក់ ប៉ុន្តែសួរនាំចេះតែគ្រវីក្បាល ដូចត្រូវច្រាំងទិច និងម្នាក់ទៀតដេកលង់លក់ដូចខ្មោចងាប់ ឃើញដូច្នោះ ម្ចាស់ហាងក៏រាយការណ៍ជូនសមត្ថកិច្ច ដើម្បីចុះមកទីតាំងនេះ ជួយអន្តរាគមន៍៕