ភ្នំពេញ៖​ ក្រោយពីផ្ទុះការរិះគន់ពីសំណាក់មហាជនសឹងតែ១ប្រទេស ជុំវិញករណីថ្មីៗនេះមានហ្វេសប៊ុកមួយបានបង្ហោះរូបថតប្តីប្រពន្ធមួយគូរបានយករថយន្តរបស់ខ្លួន ដែលទើបនឹងទិញថ្មីៗ ទៅអោយព្រះសង្ឃប្រោះព្រំ ដើម្បីសុំពរសុំលាភសុំជ័យ សិរីសួស្ដី ដល់ក្នុងព្រះវិហារ និងនៅព្រះភ័ក្រព្រះអ្ធំ ជាច្រើនសន្លឹក បង្កឱ្យមហាជននៅលើបណ្តាញសង្គម មានការភ្ញាក់ផ្អើល រិះគន់ និងហួសចិត្តគ្រប់ៗគ្នាថា កោតតែធ្វើបែបនេះទៅរួច! តើរថយន្តមួយគ្រឿងនេះ មានតម្លៃប៉ុន្មាន បានជាដល់ថ្នាក់បើកឡើងលើព្រះវិហារ ខណៈដែលពុទ្ធបរិស័ទកំពុងអង្គុយសំពះគោរពបូជាព្រះពុទ្ធបដិមាយ៉ាងច្រើនកុះករ ដើម្បីអោយព្រះសង្ឃប្រោះព្រំសុំពរសុំលាភសុំជ័យ សិរីសួស្ដី បែបនេះ ដូចជាមិនទំនងទាល់តែសោះ ។

យ៉ាងណាមិញទាក់ទងនឹងបញ្ហានេះដែរ ឯកឧត្តម ប៉ែន វិបុល អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា ក៏បានបកស្រាយនៅលើទំព័រ Facebook របស់ឯកឧត្តម ថា៖

«តាមរយៈរូបភាពនេះ​ គឺម្ចាស់សទ្ធា​ ដែលមានសេចក្តី​ជ្រះថ្លា​ បានប្រគេនរថយន្តដល់ព្រះសង្ឃទុកគ្រាន់ប្រើប្រាស់​ នៅវត្ត…..ដែលមានបងប្អូនជាច្រើនបានលើកជាយោបល់នៅលើបណ្តាញសង្គម។ប៉ុន្តែ​ ប្រហែលជាអាចខ្វះខាតបច្ចេកទេសពីការរៀបចំឱ្យបានសមរម្យ។ រថយន្តម៉ាក ស៉ីណា ២០១១ សប្បុរសជននៅរាជធានីភ្នំពេញបានយកមកប្រគេនព្រះសង្ឃនៅវត្តគីរីមង្គលសាលវ័នបារមីព្រះឱស្ឋទិព្វ(រវៀងកើត)ឃុំខ្នុរដំបង ស្រុកជើងព្រៃ មូលហេតុដែលយកមកប្រគេនក្នុងសាលាឆាន់ដោយពីល្ងាចថ្ងៃទី ១៤.០៩.២០២០មេឃភ្លៀងខ្លាំងពេក ទើបយករថយន្តនេះឡើងលើសាលាឆាន់ ទុក ១ យប់ព្រឹកថ្ងៃទី ១៥.០៩.២០២០ សូត្រមន្ត និងប្រគេនតែម្តងដើម្បីឲ្យពុទ្ធបរិស័ទបានឃើញទាំងអស់គ្នា កុំឲ្យមានពាក្យថាលោកមានលុយទិញឡាន ពេលចប់កម្មវិធីបានយកចុះពីសាលាឆាន់វិញហើយ» ៕