ខេត្តសៀមរាប៖ រថយន្ដមួយគ្រឿង បានបើកបោះពួយយ៉ាងលឿន ជ្រុលចង្កូតទៅបុករ៉ឺម៉កយ៉ាងពេញទំហឹង ធ្វើឲ្យរថយន្ដរេចង្កូតខុសផ្លូវក្រឡាប់ចង្គ្រាង បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួស១៥នាក់ កាលពីវេលាម៉ោងព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិកិត្តិយស ឃុំព្រៃជ្រូក ស្រុកពួក។

លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា ករណីនេះបង្កឡើងដោយរថយន្ដសាំងយ៉ុង ដឹកនាំអ្នកដំណើរ ពាក់ស្លាកលេខ 2M-4406 បើកបរក្នុងទិសពីកើតទៅលិច ស្របទិសគ្នាជាមួយនឹងរ៉ឺម៉កកង់បីកែច្នៃ។ លុះពេលរថយន្ដមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុករ៉ឺម៉កយ៉ាងពេញទំហឹង ធ្វើឲ្យរថយន្ដក្រឡាប់ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាល១៥នាក់។

លោកស្នងការ បានបញ្ជាក់ថា ករណីនេះបណ្ដាលមកពីអ្នកបើករថយន្ត បើកបរក្នុងស្ថានភាពងងុយដេក ខណ:រថយន្ដនេះទើបនឹងត្រឡប់មកពីខេត្តព្រះសីហនុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងឃាត់ខ្លួនអ្នកបើកបរ ហើយដកហូតវត្ថុតាងពាក់ព័ន្ធយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ។ បន្ទាប់មក សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពជនរងគ្រោះជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែអ្នករងរបួស កំពុងសង្គ្រោះ នៅក្នុងមន្ទីរពេទ្យ៕