ប្រធានាធិបតីប្រទេសអាហ្សង់ទីនលោក Alberto Fernandez បាននិយាយថា ការប្រើប្រាស់ក្នុងស្រុកនឹងក្លាយជាសសរស្តម្ភដ៏សំខាន់មួយនៃការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីមានជំងឺរាតត្បាតCOVID-១៩ ។

លោកប្រធានាធិបតី បាននិយាយនៅពេល ប្រកាសពីផែនការរដ្ឋាភិបាល ដើម្បីជួយជំរុញការប្រើប្រាស់ និងការកែលំអគេហដ្ឋាន ដែលមានឈ្មោះថា “យកចិត្តទុកដាក់ចំពោះតម្លៃសំណង់” ។

លោក Fernandez និយាយអំឡុងពេលពិធីមួយនៅក្រុមហ៊ុន Hidromet ជាក្រុមហ៊ុនផលិតឧបករណ៍ បន្ទប់ទឹក នៅទីក្រុង San Fernando ចម្ងាយ ២៥ គីឡូម៉ែត្រខាងជើងរដ្ឋធានី Buenos Aires ថា រដ្ឋប្តេជ្ញាជំរុញការចំណាយក្នុងស្រុក។

យោងតាមការិយាល័យរបស់ ប្រធានាធិបតី បានឲ្យដឹងថា ផែនការនេះផ្តោតជាខ្លាំងលើវិស័យសំណង់។ អមដំណើរប្រធានាធិបតី គឺរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ ផលិតភាព លោក Matias Kulfas ដែលបាននិយាយថា វិស័យសំណង់នឹង ក្លាយជាមូលដ្ឋានគ្រឹះនិងសំខាន់ដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានសកម្មភាពឡើងវិញ ដែលយើងឃើញមានសញ្ញាជាក់ស្តែងមួយចំនួនរួចហើយ។

យោងតាមគណៈកម្មការសេដ្ឋកិច្ច អាមេរិចឡាទីន និងតំបន់ការ៉ាបៀន (ECLAC) សេដ្ឋកិច្ចប្រទេសអាហ្សង់ទីន អាចនឹងធ្លាក់ចុះដល់ ១០.៥ ភាគរយនៅឆ្នាំ ២០២០នេះ ដោយសារជំងឺរាតត្បាតកូវីត-19។

ប្រទេសអាហ្សង់ទីន បានដាក់ចេញនូវវិធានការបិទប្រទេសចាប់តាំងពីថ្ងៃទី ២០ ខែមីនា ដល់ថ្ងៃទី ២០ ខែកញ្ញា បន្ទាប់ពីបានរកឃើញករណីឆ្លងវីរុសកូរ៉ូណាដំបូងនៅថ្ងៃទី ៣ ខែមីនា។ រហូតមកដល់ ពេលនេះមានរបាយការណ៍នៃការឆ្លងចំនួន ៥៥៥.៥៣៧ ករណីនិង ១១.៤១២ នាក់បាន ស្លាប់ ដោយសារជំងឺនេះ។