មេដឹកនាំធុរកិច្ចជប៉ុន បានសម្តែងនូវអ្វីដែលពួកគេសង្ឃឹមថានឹងបានឃើញពី លោក Suga Yoshihide ដែលត្រូវបានគេបោះឆ្នោតជ្រើសរើស ជាមេដឹកនាំថ្មីនៃគណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាច។

ប្រធានសហព័ន្ធពាណិជ្ជកម្មជប៉ុន លោក Nakanishi Hiroaki និយាយថា លោកចង់អោយលោក Suga បញ្ឈប់ការរីករាលដាលនៃការឆ្លងវីរុស កូរ៉ូណា បន្ថែមទៀត ខណៈពេលដែលលោកកំពុងធ្វើការដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ។

លោក Nakanishi បានបន្ថែមទៀតថា លោកចង់ឃើញយុទ្ធសាស្រ្តកំណើនដ៏ខ្លាំងក្លារួមមានការផ្លាស់ប្តូរឌីជីថលផងដែរ។ ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុន លោក Mimura Akio និយាយថា ស្ថេរភាពនយោបាយនិងការបន្តគោលនយោបាយគឺមានសារៈ សំខាន់នៅពេលដែលប្រទេសនេះកំពុងជួបប្រទះគ្រាលំបាក។

លោក Mimura សង្ឃឹមថា លោក Suga នឹងបង្ហាញភាពជាអ្នកដឹកនាំដ៏រឹងមាំ ដូច្នេះ ប្រជាជននៅប្រទេសជប៉ុនអាចមានអនាគតភ្លឺស្វាងបន្ទាប់ពីការរាតត្បាតរាលដាលនៃ ជម្ងឺកូវីត-19 បានធូស្រាល។

លោក Suga បាននិយាយថា លោកចង់ផ្លាស់ប្តូរប្រទេស ជប៉ុនទៅមុខដោយពិនិត្យឡើងវិញនូវអ្វីដែលខុស ហើយលោកនឹងបង្កើតគណៈ រដ្ឋមន្រ្តី ដែលធ្វើការសម្រាប់ប្រជាជន។ ជាមួយគ្នានេះលោក Suga នឹងបង្កើតទីភ្នាក់ងារមួយ ដើម្បីគ្រប់គ្រងឌីជីថល របស់ប្រទេសជប៉ុន ដែលជានិមិត្តរូបនៃការធ្វើកំណែ ទម្រង់ក្រសួងនិងទីភ្នាក់ងាររបស់រដ្ឋាភិបាល ហើយលោកនឹងចាប់ផ្តើមរៀបចំការកែប្រែច្បាប់ សម្រាប់គោលបំណងនោះឆាប់ៗនេះ។